(ភ្នំពេញ)៖ គណៈកម្មការចម្រុះ នៃរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ធីម សំអាន អភិបាលរងខណ្ឌ បានចុះបិទការដ្ឋានសំណង់ខុសច្បាប់មួយកន្លែង ស្ថិតផ្ទះលេខ១៦៩ ស្ថិតនៅតាមផ្លូវ៤៦៦ សង្កាត់ទួលទំពូងទី១ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយពិនិត្យឃើញជាក់ស្តែងថា ការដ្ឋានសំណង់នេះធ្វើដោយគ្មានលក្ខណៈបច្ចេកទេស ជីកដីដោយគ្មានបុកជញ្ជាំងទប់ បណ្តាលឲ្យបាក់ដី បាក់របង ស្រុតដី បាក់ជញ្ជាំងផ្ទះប្រជាពលរដ្ឋជិតខាង។
បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ការដ្ឋានសំណង់នេះ សង់ដោយគ្មានច្បាប់អនុញ្ញាតឡើយ ហើយអាជ្ញាធរបានចុះហាមឃាត់៣ដងមកហើយ ដោយ បានណែនាំឲ្យម្ចាស់សំណង់ ដោះស្រាយការខូចខាតផ្ទះ របស់អ្នកជិតខាងឲ្យរួចរាល់ តែចុងក្រោយបញ្ជាផ្អាកសកម្មភាពសាងសង់បណ្តោះអាសន្ន ហើយណែនាំឲ្យសុំច្បាប់សាងសង់ និងដោះស្រាយសំណងការខូចខាតរបស់អ្នកជិតខាង ឲ្យរួចរាល់សិន។
លោក ធីម សំអាន អភិបាលរងខណ្ឌ ដែលដឹកនាំយុទ្ធនាការនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចំពោះទីតាំងនេះជាទីតាំងដែលអាជ្ញាធរ មិនចេញកម្មសិទ្ធិឲ្យទេ ព្រោះពាក់ព័ន្ធជាដីបឹង ប៉ុន្តែបងប្អូនប្រជាពលរដ្ឋគាត់កាន់ពីពេលណា រស់នៅពីពេលណា អាជ្ញាធរបានដឹងតែអាជ្ញាធរអត់ចេញច្បាប់ទេ មិនមានកម្មសិទ្ធិ។
ប្រជាពលរដ្ឋរងគ្រោះ លោក សៅ សិរីវុទ្ធ បានឲ្យដឹងថា លោកមានការឈឺចាប់ណាស់ ចំពោះការខូចខាតផ្ទះរបស់លោក ដែលខាងក្រុមហ៊ុន យូអេសខុនដូរ រៀលអ៊ិចស្តេត ដែលមានចេតនាធ្វើឲ្យខូចខាតផ្ទះរបស់គាត់។
លោកបន្តថា គាត់បានជួបចរចា៣លើក ដែលខាងក្រុមហ៊ុន ចុះមកវាយតម្លៃពីការខូចខាតផ្ទះវីឡារបស់គាត់ ដែលខូចខាតប្រមាណ៧៥ភាគរយ ខាងក្រុមហ៊ុនចេញសង ប្រមាណ៥ពាន់ដុល្លារ ចំពោះការបាក់ស្រុតផ្ទះគាត់ តែគាត់សុំទារសំណងប្រមាណ១៥ម៉ឺនដុល្លារ៕