(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រសាទ ស្រុកស្អាង ខេត្តកណ្តាល ទទូចស្នើសុំឲ្យមន្ត្រីជំនាញចុះបង្រ្កាប ឧបករណ៍នេសាទខុសច្បាប់ជាច្រើន ប្រភេទស្បៃមុង កំពុងតែកើតមានពេញផ្ទៃបឹង ក្នុងអតីតដែនឡូត៍នេសាទលេខ៤ ចាប់តាំងពីរដូវទឹកតម្លើងរហួតដល់បច្ចុប្បន្ន មិនដែលឃើញជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាបម្តងណាឡើយ។

ពាក់ព័ន្ធ និងការស្នើសុំនេះដែរលោក ឆន ចិន នាយសង្កាត់ជលផលស្រុកស្អាង បានប្រាប់ភា្នក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាលឲ្យដឹងថា កាលពីយប់ព្រលប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ម្សិលមិញថា ការចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ទាំងនេះ តែងតែជួបឧបសគ្គ ហើយការចុះបង្ក្រាបទាល់តែមានការឯកភាពពីលោកអភិបាលស្រុកផងដែរ ហើយចំពោះបទល្មើសនេសាទនៅក្នុងឃុំប្រាសាទនេះ។

លោក ឆន ចិន បានបន្តថា កម្លាំងរបស់លោកបានចុះទៅបង្ក្រាបម្តងរួចម កហើយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧នេះ ប៉ុន្តែអ្នកនេសាទខុសច្បាប់ ទាំងនោះហាក់បីដូចជាដឹងមុន ដោយមួយចំនួនទៅផ្លិចឧបករណ៍នេសាទទាំងនោះ ចូលក្នុងទឹកបំបាត់ភស្តុតាង តែមួយចំនួនទៀតផ្លិចមិនទាន់ ប៉ុន្តែទោះបីជាយ៉ាងណា ក៏កម្លាំងចម្រុះមិនអាចធ្វើការបង្ក្រាបបានដដែល ដោយអ្នកនេសាទខុសច្បាប់ទាំងនោះ ហាក់បីដូចជាចេតនារារាំង ព្រោះគេនាំគ្នាជិះទូកប្រហែលជា៦០គ្រឿង ទៅ៧០គ្រឿង ទើបលោករាយការណ៍មកលោកអភិបាលស្រុក សុំដកកម្លាំងមកវិញ ព្រោះលោកខ្លាចប៉ះទង្គិចគ្នា ពេលកម្លាំងធ្វើសកម្មភាពសារឧបករណ៍ទាំងនោះ។

លោក ឆន ចិន បានបញ្ជាក់ថា ការចុះបង្ក្រាបបទល្មើសនេសាទ គឺលោកចង់ធ្វើខ្លាំងណាស់តែធ្វើម្តងមិនមែន ចេះតែធ្វើនោះទេដោយស្នើសុំទៅ លោកអភិបាលស្រុកត្រឹមត្រូវ ហើយមានការឯកភាព ឲ្យលោកដឹកនាំកម្លាំងចុះទៅតំបន់ណាទើបលោកចុះបានលុះបានចុះទៅហើយ គឺមានឧបសគ្គ ជាច្រើនជាក់ស្តែង ដូចកាលចុះទៅបង្ក្រាបនៅចំណុចឃុំប្រាសាទកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧នេះ បើលោកមិនដកថយទេអាចប្រឈម និងអំពើហិង្សាពីប្រជាពលរដ្ឋអ្នកនេសាទខុសច្បាប់ ប៉ុន្តែក្រោយពីធ្វើការឡោមព័ទ្ធរួចមក ប្រជាពលរដ្ឋអ្នកនេសាទទាំងនោះ បានស្នើសុំកុំឲ្យកម្លាំង ជំនាញចុះសាររបស់ពួកគាត់ បើចង់បង្ក្រាបពួកគាត់សុំសារដោយខ្លួនឯង ព្រោះបើកម្លាំងចុះសារធ្វើឲ្យខូចខាតរបស់ពួកគាត់អស់ព្រោះពួកគាត់ សុទ្ធតែចងការគេមកទិញឧបករណ៍ទាំងនេះ បើខូចខាតអស់ពួកគាត់ មិនមានប្រាក់បង់គេទេហើយ លោកក៏បានដកកម្លាំងត្រឡប់មកវិញ ដើម្បីរាយការណ៍ជូនទៅលោកអភិបាលស្រុក និងលោកនាយខណ្ឌដើម្បីសុំគោលការណ៍ចុះបង្ក្រាប ព្រោះវាជាឧបករណ៍នេសាទខុសច្បាប់។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា អតីតដែនឡូត៍នេសាទលេខ៤ ស្ថិតនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ត្រូវបានអ្នកនេសាទ យកឧបករណ៍នេសាទខុសច្បាប់យកមកដាក់ពេញផ្ទៃបឹង ចាប់តាំងពីទឹកចាប់ចូលបឹង ដល់បច្ចុប្បន្ននេះដោយមួយខ្សែៗ រាប់រយរាប់ពាន់ម៉ែត្រ មិនដែលឃើញជំនាញពាក់ព័ន្ធផ្នែកណាចុះមកបង្ក្រាបម្តងឡើយពលរដ្ឋបានទទូចហើយទទូចទៀតសូមឲ្យជំនាញ ឬអាជ្ញាធរមេត្តាចុះទៅបង្ក្រាបដើម្បី ទប់ស្កាត់ និងការពារធន់ធានមច្ឆាជាតិក្នុងរដូវបិទការនេសាទ ដែលជារដូវត្រីពងកូន។

ក្រុមអ្នកនេសាទខុសច្បាប់ម្នាក់ បានរៀបរាប់ថា ការដែលគាត់អាចនេសាទដោយប្រើឧបករណ៍នេសាទប្រភេទស្បៃមុងនេះបានដោយសារពួកគាត់ បានបង់លុយទៅឲ្យមេខ្យល់ម្នាក់ជាថ្នូរ និងការផ្តល់ដំណឹងពេលកម្លាំងចម្រុះចុះទៅបង្ក្រាប។ ចំណែកពេលគាត់ចុះទៅលើកនោះ មានអ្នកជិះទូក មកដើរប្រមូលអះអាងខ្លួនថា ជាមន្ត្រីជលផល ដោយជម្រិតទារប្រាក់ពីពួកគាត់ចាប់ពី១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល បើមិនឲ្យពួកគេ គឺគេកាត់ចោល គាត់មិនចង់នេសាទបែបនេះនៅក្នុងរដូវហាមឃាត់ការនេសាទនោះទេ ព្រោះពិបាកនិយាយជាមួយគេណាស់បើដល់រដូវបើកការនេសាទ គឺស្រួលនិយាយគ្នា។

គួររំលឹកដែរថា កាលពីកន្លងទៅនេះ មានប្រជាពលរដ្ឋអ្នកនេសាទខុសច្បាប់បានចោទប្រកាន់ទៅលើ បុគ្គល់មួយក្រុមដែលតាំងខ្លួនជាមន្ត្រីអង្គការផង ជាជលផលផង ដើរជម្រិត ទារប្រាក់ពីអ្នកនេសាទដាក់លបជាលក្ខណៈគ្រួសារ ដោយបុគ្គល់ទាំងនោះត្រូវបានគេស្គាល់ឈ្មោះម្នាក់ ឈ្មោះថា ឈាង សុបុណ្យ ហៅ បិន ប៉ុន្តែនៅថ្ងៃទី៧ ខែតលា ឈាង សុបុណ្យ ហៅ បិន នៅមុខអ្នក សារព័ត៌មាន និងមន្ត្រីជលផលផងដែរ បានបដិសេធចោល នូវការចោទប្រកាន់នោះ ហើយលោកបាននិយាយថា ប្រជាពលរដ្ឋទេដែលឲ្យលុយ៤ទៅ៥ម៉ឺនរៀល ជាសាំងជាប្រេងសម្រាប់លោកធ្វើការតែប៉ុណ្ណោះ។

លោកបានបន្តថា លោកចុះមកនេះគឺដើម្បីត្រួតពិនិត្យមើលបើឃើញបទល្មើសនេសាទ ច្រើនលោកនិងសហការជាមួយជំនាញចុះបង្ក្រាប ហើយលោកចុះមកនេះគឺលោកបានសុំការអនុញ្ញាតិ ពីថ្នាក់ឃុំរហូតដល់ខេត្តមិនមែនចេះតែចុះនោះទេ៕