(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានគណៈអចិន្ត្រៃគណៈពង្រឹងគណបក្សប្រជាជន ខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង បានគូសបញ្ជាក់ថា បច្ចប្បន្ននេះវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន ពិតជាសំខាន់ណាស់ សម្រាប់ដឹកនាំប្រទេស ដើម្បីទប់ទល់ និងកម្ទេចក្រុមជ្រុលនិយមដែលគាំទ្រពីបរទេស ចង់បំផ្លាញសេចក្តីសុខរបស់ពលរដ្ឋ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងនៅក្នុងពិធីសំណេះ​សំណាលជាមួយប្រជាពលរដ្ឋ​ លោកយាយ លោកតា គណៈកម្មការអាចារ្យវត្ត ក្រុមប្រឹក្សាឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួន១២៦៨នាក់ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

នាយឧត្តមសេនីយ៍បានបន្តថា «សម្ដេចតេជោ ហ៊ុន សែន ពិតជាឥស្សរជនស្នេហាជាតិពិតប្រាកដ បានលះបង់កម្លាំងកាយចិត្តប្រាជ្ញា ស្មារតី តាំងពីវ័យក្មេងរត់ចូលព្រៃតស៊ូ ឆ្លងកាត់ការលំបាកគ្រប់ឧបស្គក្នុងបុព្វហេតុ រំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុខសន្តិភាព កសាង និងការអភិវឌ្ឍប្រទេសជាតិ រីកចំរើនលើគ្រប់វិស័យតាំងពីបាតដៃទទេ និងការពារថែរក្សាបាននូវបូរណភាពទឹកដី សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ»

នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា វត្តមានសម្ដេចតេជោ ហ៊ុន សែន ពិតជាមិនអាចខ្វះបាននាពេលបច្ចុប្បន្ន និងសម្រាប់អនាគតរបស់កម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ថែរក្សាសុខសន្តិភាពស្ថេរភាពសណ្ដាប់ធ្នាប់សង្គម និងបន្តការអភិវឌ្ឍប្រទេសជាតិ ទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុលពត ទប់ទល់កំទេចក្រុមជ្រុលនិយម ដែលគាំទ្រពីបរទេសដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការញុះញង់ឱ្យមានអំពើហឹង្សាបដិវត្តន៍ពណ៌ បំផ្លាញសុខសន្តិភាពសេចក្ដីសុខសាន្ត របស់ប្រជាពលរដ្ឋ និងការរីកចំរើនរបស់សង្គមជាតិ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងបន្តសម្រេច បានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធផលធំៗ ជាច្រើនថែមទៀតជូនជាតិ តាមរយៈគោលដៅយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញ ក្នុងនោះជោគជ័យនៃកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពង្រឹងស្ថិរភាពនយោបាយ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវ កំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិឲ្យខ្ពស់ត្រដែត រួមជាមួយ វឌ្ឍនភាពល្អ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីកសាងព្រំដែនមួយ ច្បាស់លាស់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់អណត្តិទី៦ និងអណត្តិជាបន្តបន្ទាប់ទៀត។ ក្នុងរដូវនៃថ្ងៃបុណ្យកឋិនទាន នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានដង្ហែ ទៅវត្តអង្គជុំភ្នំចចកស្ថិតក្នុងឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមទាំងបាននាំយកបច្ច័យរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តបច្ច័យសង្កត់ត្រ័យ៤ម៉ឺនដុល្លារ និង១០លានរៀល សម្រាប់កសាងព្រះវិហារថ្មី ចែកក្រណាត់ស និងថវិកាជូនយាយជីតាជី គណៈកម្មការវត្តក្រុមយុវជនកាកបាទក្រហមកាយរិទ្ធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សា សង្កាត់កម្លាំងសមត្ថកិច្ច៕