(បរទេស)៖ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧ មូលនិធិអ្នកកាសែត និងអ្នកនិពន្ធ (JWF) បានចុះផ្សាយរបាយការណ៍មួយ ដែលមានចំណងជើងថា «កុមារនៃប្រទេសតួកគី ជាជនរងគ្រោះនៃភាពមិនស្របច្បាប់» ដែលមាននៅលើគេហទំព័រ http://jwf.org/reports/ ។
របាយការណ៍នេះបានបង្ហាញពីការរំលោភបំពានសិទ្ធិមនុស្ស ប្រឆាំងនឹងកុមារដែលគ្មានទោសនៅក្នុងប្រទេសតួកគី និងនៅក្រៅប្រទេស។
កាលពីចុងខែសីហាឆ្នាំ ២០១៧ កុមារចំនួន ៦៦៨នាក់ ដែលមានអាយុក្រោម ០៦ឆ្នាំ កំពុងជាប់ពន្ធនាគារនៅទូទាំងប្រទេសតួកគី ជាមួយម្តាយរបស់ពួកគេ។ កុមាររាប់រយនាក់ដែលរស់នៅបរទេស គឺកើតមកដោយគ្មានសញ្ជាតិ ពីព្រោះស្ថានកុងស៊ុលតួកគី មិនផ្តល់ឱ្យពួកគេនូវលិខិតឆ្លងដែន ឬការបញ្ជាក់សញ្ជាត់នោះឡើយ។
អាជ្ញាធរនៅក្នុងប្រទេសតួកគី ក៏បានចាប់ផ្តើមយកក្មេងៗចេញពីសាច់ញាតិរបស់ពួកគេផងដែរ ប្រសិនបើឪពុកម្តាយពួកគេគឺជាអ្នកដែលគេចោទប្រកាន់ថា គាំទ្រក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។របាយការណ៍នេះមានគោលបំណង ដើម្បីលើកកម្ពស់ពីការយល់ដឹង អំពីស្ថានភាពគ្រោះថ្នាក់របស់កុមាររាប់ពាន់នាក់ នៅក្នុងប្រទេសតួកគី និងនៅបរទេសដែលទទួលរងការរើសអើងជាច្រើន ដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ។ វាក៏សង្ខេបផងដែរអំពីស្ថានភាពបច្ចុប្បន្ន ក្នុងការរំលោភបំពានដោយចេតនា ទៅលើសិទិ្ធរបស់កុមារនៅក្នុងប្រទេសតួកគី។
មូលនិធិអ្នកកាសែត និងអ្នកនិពន្ធបានអំពាវនាវឲ្យសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ បន្តការបង្កើនការយល់ដឹងពីបញ្ហាកុមារនៃប្រទេសតួកគី ហើយនឹងគាំទ្រយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គមរបស់យើងនៅលើ Twitter។ ទីបំផុតយើងសូមអំពាវនាវដល់អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងកុមារ និងមាតាទាំងនេះ៕