(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើនប្រាក់មរណភាពមន្រ្តីរាជការស៊ីវិល ដល់ ២លានរៀល សម្រាប់អ្នកស្លាប់ដោយសារជំងឺ និង ៤លានរៀលសម្រាប់អ្នកស្លាប់ពេលបំពេញបេសកកម្ម។ ការបង្កើនប្រាក់មរណភាពនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ។

ក្នុងឱកាសអញ្ជើញ​ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ការសម្រេចបង្កើនប្រាក់មរណភាពរបស់មន្រ្តីរាជការស៊ីវិលនេះ គឺដើម្បីដោះស្រាយទុក្ខលំបាករបស់គ្រួសារមន្រ្តីរាជការនៅពេលស្វាមី ឬភរិយាទទួលមរណភាព។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «​កាលមុននេះអ្នកទទួលមរណភាពធម្មតា គឺទទួលបាន ១លាន ២សែនរៀល យើងនឹងបង្កើនទៅដល់ ២លានរៀល ឯមរណភាពក្នុងបេសកកម្មបាន១លាន ៥សែនរៀល នឹងឡើងទៅដល់ ៤លានរៀល សម្រាប់ឆ្នាំ២០១៨ខាងមុខនេះ។ [...] ដើម្បីជួយសម្រួលព្រោះម្យ៉ាងបាត់បង់ ស្លាប់មនុស្សក្នុងគ្រួសារ ឧទាហរណ៍ប្តីស្លាប់ ប្រពន្ធខ្វះលុយធ្វើបុណ្យ នេះជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់បន្ថែម»

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាមរណភាពអស់ជាង ៣០ពាន់លានរៀល ស្មើនឹងជាង ៧លាន ៦សែន ២ម៉ឺនដុល្លារអាមេរិក។ សម្រាប់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសម្រាប់មរណភាពរបស់មន្រ្តីរាជការស៊ីវិលរហូតទៅដល់ ៤០ពាន់លានរៀល ស្មើជាង ១០លានដុល្លារអាមេរិក។

​ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការពិចារណាធ្វើយ៉ាងណាកុំមានគម្លាតគ្នាឆ្ងាយពេករវាងប្រាក់មរណភាពរបស់មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ បើតាមសម្ដេចតេជោ ហ៊ុន សែន កងទ័ពដែលបានពលីទទួលបានប្រាក់ឧបត្ថម្ភចំនួន២៦ខែនៃប្រាក់បៀវត្សរ៍ រីឯអ្នកទទួលមរណភាពធម្មតាទទួលបាន ៧ខែ នៃប្រាក់បៀវត្សរ៍។

សម្ដេចតេជោ ហ៊ុន សែន បានមើលឃើញថា បើទោះបីប្រាក់មរណភាពរបស់មន្ត្រីរាជការត្រូវបានបង្កើនយ៉ាងណាក្តី ប៉ុន្ដែការដំឡើងនេះមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺនឹងបន្ដបង្កើនប្រាក់នេះជាបន្តបន្ទាប់ទៀត៕