(ភ្នំពេញ)៖ អាណាព្យាបាលសិស្សតូចៗជាង៥០នាក់ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ ទាមទារឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ លើករណីសាលាអន្តរជាតិ Stamford ដែលបានបិទទ្វារដោយមិនដឹងមូលហេតុ ក្រោយពួកគាត់បានបង់ប្រាក់ថ្លៃការសិក្សាររបស់កូនៗ ចន្លោះពី៥០០ដុល្លារ ដល់២០០០ដុល្លារ។ តាមព័ត៌មាននានា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន ការបិទទ្វារសាលាខាងលើនេះ សង្ស័យមកពីនាយកសាលាដែលជាជនជាតិខ្មែរ មានឈ្មោះ លី សុខុមាល  ជំពាក់លុយគេច្រើនពេក។

មុនពេលមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ក្រុមអាណាព្យាបាលបានប្រមូលម្តុំគ្នានៅ មុខទីតាំងសាលាតែម្តងស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។

ក្រុមអាណាព្យាបាលសិស្សខាងលើឲ្យដឹងថា កូនពួកគាត់ម្នាក់ៗ សុទ្ធសឹងតែរៀននៅសាលានេះ ចាប់ពី៤ ទៅ៥ឆ្នាំកន្លងមកហើយ ពុំដែលមានបាតុភាពអ្វីឡើយ។ ពួកគាត់លើកឡើងថា ចំពោះស្តង់ដា នៃការបង្រៀនគឺមានគុណភាពល្អ ទាំងការអប់រំ និងចំណេះដឹងដល់កុមារតូចៗ ពិសេសកូនៗរបស់ពួកគាត់ផ្ទាល់ ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់១០ឆ្នាំ។

កាលពីវេលាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ក្រុមអាណាព្យាបាលក្មេងៗ បានមកទទួលកូនចាកចេញពីសាលាត្រឡប់ទៅផ្ទះធម្មតា ពុំមានរឿងអ្វីឡើយ ហើយសាលាក៏ពុំបានផ្តល់ព័ត៌មានអ្វីឡើយ។ លុះវេលាព្រឹកឡើង នៅពេលដែលពួកគាត់ជូនកូនមកសិក្សា ស្រាប់តែសាលាត្រូវបានបិទទ្វារដោយមិនដឹងមូលហេតុ ពិសេសនោះ សាខាធំៗចំនួន២ផ្សេងទៀតរបស់សាលានេះ ដែលមានទីតាំងក្នុងខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ ក៏ត្រូវបានបិទទ្វារទន្ទឹមគ្នាផងដែរ ជាហេតុធ្វើឲ្យពួកគាត់បង្កការឆោរឡោរនៅមុខសាលា រហូតភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះសាកសួរ នាំទើបដឹងថា ម្ចាស់សាលាបានបិទទ្វាររត់បាត់ទៅហើយ។ ការបិទគឺដោយសារម្ចាស់សាលាដែលជាជនជាតិហ្វីលីពិន ជំពាក់បំណុលគេច្រើន។

ក្រុមអាណាព្យាបាលសិស្សដដែលបាននាំគ្នាបន្តថា សាលាអន្តរជាតិនេះមួយ ជាសាលាដែលមានឈ្មោះល្បី និងធ្លាប់ឈានទៅដល់ការប្រកួតប្រជែងសមត្ថភាពលើឆាកអន្តរជាតិ លើជំនាញផ្សេងៗរបស់កុមារ នៅតាមបណ្តាប្រទេសជាច្រើន ដូចជា សិង្ហបុរី ជាដើម។ ពួកគាត់បន្ថែមថា ក្នុងរៀងរាល់កន្លះឆ្នាំ ឬ១ឆ្នាំម្តង ពួកគាត់ត្រូវចំណាយថ្លៃការសិក្សាររបស់កូនៗចាប់ពី៥០០ដុល្លារ ដល់២០០០ដុល្លារ ទៅតាមកម្រិតរបស់កុមារ ពីថ្នាក់តូចដល់ថ្នាក់ធំ បូករួមទាំងការសិក្សាទាំងអក្សរខ្មែរ និងអង់គ្លេសផងដែរ។

យ៉ាងណាមិញ ក្រុមអាណាព្យាបាលនៅតែមិនយល់ពីមូហេតុអ្វី ដែលនាំអោយម្ចាស់សាលាបិទទ្វារបែបនេះ ទាំងសាលាជាសាលាដែលល្អសម្រាប់ក្មេងៗសិក្សាររៀនសូត្រ ហើយក៏ជាសាលាដែលពុំធ្លាប់មានបាតុភាពអាក្រក់អ្វីផងដែរនោះ។

សូមបញ្ជាក់ថា ក្រោយការដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យរួច ពួកគាត់នឹងនាំគ្នា ធ្វើលិខិតមួយមានជាលាយល័ក្ខអក្សររួមជាមួយស្នាមមេដៃ ប្តឹងទៅក្រសួងអប់រំ ដើម្បីសុំការអន្តរាគមន៍ ពីក្រសួង លើបញ្ហានេះផងដែរ៕