(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកសិក្ខាសាលាប្រជុំជាមួយអង្គការ ដៃគូជាច្រើន ដើម្បីដាក់ផែនការយុទ្ធសាស្រ្តថែទាំ និងគាំទ្រដល់គ្រួសារក្រីក្រផ្ទុកមេរោគអេដស៍ ជំងឺអេដស៍សម្រាប់ឆ្នាំ២០១៨។

សិក្ខាសាលាពិគ្រោះយោបល់ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត ស្តីពីការថែទាំ និងគាំទ្រដល់គ្រួសារក្រីក្រ ផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ សម្រាប់ឆ្នាំ២០១៨ បានរៀបចំឡើង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោក ឈាង បាក់ អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អង្គការដៃគូជាច្រើនទៀត រួមនឹងមន្រ្តីរាជការនៃនាយកដ្ឋានសុខុមាលភាពសង្គម របស់ក្រសួងសង្គមកិច្ចជាច្រើននាក់ទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ឈាង បាក់ បានបញ្ជាក់ឲ្យដឹង លោកសូមកោតសរសើរចំពោះអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ និងគណៈកម្មាការប្រយុទ្ធនឹងជំងឺអេដស៍របស់ក្រសួងសង្គមកិច្ច ព្រមទាំងអង្គការដៃគូ ដែលបានរាប់បញ្ចូលអ្នកផ្ទុកមេរោគអេដស៍ ក្នុងក្រុមងាយរងគ្រោះ និងទទួលបានការគាំពារសង្គម។

លោក ឈាង បាក់ បានបន្ថែមថា ក្នុងគម្រោងផែនការការពារសង្គម ជាជំហានមួយឆ្ពោះទៅរកការគាំពារសង្គមឲ្យកាន់តែទូលំទូលាយ តាមគោលការណ៍មិនទុកចោលនរណាម្នាក់ឡើយ។ ហើយក្នុងសិក្ខាសាលានៅថ្ងៃនេះ ធ្វើឡើងដើម្បីរំលេចឡើងជាសារៈសំខាន់នៃការឆ្លើយតប ទៅនឹងការម៉ាកងាយសិទ្ធរបស់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ក្នុងបរិបទ ក្នុងការគាំពារសង្គម។

បន្ថែមពីលើនេះ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម និងជាអ្នកគ្រប់គ្រងផ្ទាល់ លើផែនការនេះ បានប្រាប់ឲ្យដឹងថា ទាក់ទងនឹងផែនការនេះ កន្លងមក ក្រុមការងារ បានរៀបចំកម្មវិធីចុះសួរសុខទុក្ខដោយផ្ទាល់ ដល់ជនរងគ្រោះ និងរងផលប៉ះពាល់ដោយសារមេរោគអេដស៍ នៅតាមសហគមន៍ (ក្នុងខេត្តអាទិភាព) ក្រៅពីនោះ យើងក៏បានបានរៀបចំរបាយការណ៍សកម្មភាពទូលំទូលាយ និងពហុវិស័យឆ្លើយតប ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ជូន អ.ជ.ប.អ ត្រៀមបង្កើតការអប់រំកុមារតាមមណ្ឌលស្តីពីសុវត្ថិភាព នៃការឆ្លងមេរោគអេដស៍។

លោក ឈួរ សុបញ្ញា បន្តថា ក្រុមការងារ ក៏បានចុះពិនិត្យសកម្មភាពការងារ គម្រោងកម្មវិធី របស់អង្គភាពការធ្វើការងារ លើវិស័យអេដស៍ រៀបចំអោយមានអនុក្រឹត្យ ស្តីពីរបបគោលនយោបាយ ចំពោះគ្រួសារក្រីក្រមានមេរោគអេដស៍ (HIV / AIDS) នៅតាមសហគមន៍ ដោយសុំឲ្យមានការជួយសហការ បច្ចេកទេសពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ និងអង្គការដៃគូពាក់ព័ន្ធនានា រៀបចំបង្កើតសៀវភៅគោលការណែនាំ ស្តីពីនីតិវិធី ការផ្តល់សេវាសង្គមកិច្ចដល់ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ នៅតាមសហគមន៍។

ជាមួយគ្នានោះ តំណាងមកពីអង្គការខាណា (Khana) ជាអង្គការបណ្តាញ (Linking Organization) របស់អង្គការ សម្ព័ន្ធភាពអន្តរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ និងទទួលបាន Full Accreditation សម្រាប់រយៈពេលប្រាំឆ្នាំ ២០១៤-២០១៨ ពីអង្គការសម្ព័ន្ធភាពអន្តរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ (Alliance) ចុះបញ្ជីនៅក្រសួងមហាផ្ទៃនិងមានការទទួល ស្គាល់ជាអង្គការមិនមែន រាជរដ្ឋាភិបាល ក្នុងស្រុក ក្នុងខែមេសា ឆ្នាំ២០០០ ផ្តល់ការគាំទ្រ ទំាងបច្ចេកទេស និង ហិរញ្ញវត្ថុ ដល់អង្គការដៃគូអនុវត្តគម្រោងផ្ទាល់ នៅតាមសហគមន៍ហិរញ្ញវត្ថុគាំទ្រទទួលបានពី USAID , GFATM , Alliance , Stop TB Partnership (Challenge Facility for Civil Society) , TB REACH WAVE 5 and 5% Initiative។

គួរបញ្ជាក់ថា មេរោគអេដស៍ និងជំងឺអេដស៍ជាបញ្ហាប៉ះពាល់សុខមាលភាពប្រជាពលរដ្ធកម្ពុជា បណ្ដាលឲ្យសុខភាព ទ្រុឌទ្រោម ត្រូវកា​រធនធានដ៏សន្ធិកសន្ធាប់ថែមទាំងសុខភាព និងមានផលប៉ះពាល​ដល់កំលាំងសេដ្ធកិច្ចយ៉ាងធ្ងន់ធ្ងូរ ដែលក្ដីបារ​ម្ភរបស់សង្គមជាតិ គ្រប់ស្រទាប់រហូត ដល់សង្គមគ្រួសារ។

ជាមួយគ្នានោះ រាជរដ្ធាភិបាលតាំងពីថ្នាក់ជាតិ រហូត​ដល់រដ្ធបាលថ្នាក់ក្រោមជាតិ និងសហគមន៍ បាននឹងកំពុងចូលរួម ចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាល និងឆ្លើយតបទៅនឹងមេរោគអេដស៍ ជំងឺអេដស៍ដោយការគាំទ្រ ពីសំណាក់អង្គការ ដៃគូរអភិវឌ្ឍ៍ និងពីជំនួយក្រៅប្រទេសដ៍ចំបងផង។

ក្នុងឆ្នាំ១៩៩៦ ជាគម្រោងរបស់អង្គការសម្ព័ន្ធភាពអន្តរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដោយផ្តោតលើការចលនា សហគមន៍ប្រយុទ្ធ និងជំងឺអេដស៍៕