(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata បានបន្ដពង្រឹង និងអភិវឌ្ឍន៍ ផ្នែកឌីជីថលរបស់ខ្លួនបន្ថែមទៀត​ ដើម្បីបំពេញតម្រូវការ របស់អតិថិជននៅកម្ពុជា ដោយបានចាប់ដៃគូជាមួយនិង Sabay Digital Plus Co. Ltd ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងកម្សាន្តនៅកម្ពុជា ។

ក្រុមហ៊ុនទាំងពីរ ជឿជាក់ថា ក្រៅពីពង្រឹងភាពនាំមុខគេផ្នែកឌីជីថលរបស់ម្ចាស់ភាគហ៊ុនទាំងពីរ ការសហការនេះ នឹងធ្វើឲ្យភាគីទាំងពីរបញ្ចេញសក្ដានុពលទាំងអស់ ដើម្បីផ្ដល់ នូវការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ដល់ប្រជាជនកម្ពជា ហើយកិច្ចព្រមព្រៀង អាចសម្រេចទៅបាន ដោយសារមានការសម្របសម្រួលពីលោក Subhadeep Chowdhury (Deep) ដែលជាប្រធាន/ស្ថាបនិករបស់ក្រុមហ៊ុន Profitence (Cambodia) Co., Ltd ។

Smart Axiata នឹងបោះទុន លើផ្នែកអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media) ជាមួយក្រុមហ៊ុនដែលទើបបង្កើតថ្មីរបស់ Sabay ដែលមានឈ្មោះថា Sabay Digital Plus ក្រោយពិធីចុះហត្ថលេខា ពីពេលនេះទៅ រយៈពេល ១ឆ្នាំ Smart Axiata នឹងបន្ថែមការវិនិយោគ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុន ចំនួន៣០% នៃក្រុមហ៊ុនថ្មីនេះ ។Sabay បាន និងកំពុងនាំមុខគេ ក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា តាមរយៈហ្គេមកម្សាន្តអនឡាញ ការទូរទាត់សាច់ប្រាក់អនឡាញ បណ្ដាញផ្សព្វផ្សាយព័ត៌មាន ការចេញផ្សាយព័ត៌មានបែបស៊ីវិល័យ (Der និង Kanha) កម្មវិធីមើលព័ត៌មានតាមរយៈApp (Kley Kley) និងកម្មវិធីមើលភាពយន្តអនឡាញ Soyo ដំបូងគេ។

Sabay Digital Corporation នៅតែរក្សាអាជីវកម្មហ្គេមអនឡាញ របស់ខ្លួនដដែល។ ដោយឡែក Sabay Digital Plus នឹងដើរតួសំខាន់ចំពោះអាជីវកម្ម ព័ត៌មាន ការកម្សាន្ត ប្រព័ន្ធទូទាត់ទំនើប និងការផ្សព្វផ្សាយទីផ្សារ ជាមួយ Smart Axiata។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay និងជាសហគ្រិនម្នាក់ ដែលត្រូវបានមហាជន ទទួលស្គាល់ និងវាយតម្លៃខ្ពស់ លើជោគជ័យធំៗ ដែលលោកសម្រេចបាននៅកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុន Sabay, ក្រុមហ៊ុន CBM Corporation ដែលប្រតិបត្តិលើហ្វ្រេនឆាយអាហារ និងភេសជ្ជៈជាច្រើនមុខនៅកម្ពុជា និង ក្រុមហ៊ុនរោងកុន Major Cineplex។
ទស្សនវិស័យរបស់ក្រុមហ៊ុនថ្មី Sabay Digital Plus គឺដើម្បីក្លាយខ្លួនជាស្ថាប័នឈានមុខគេផ្នែក ឌីជីថលនៅកម្ពុជា តាមរយៈការបង្កើតថ្មី ភាពច្នៃប្រឌិតលើវិស័យ Digital Media និងសកម្មក្នុងការផ្សារភ្ជាប់ខ្លួនទៅនឹង អ្វីដែលជាទំនោរយុវវ័យ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata ថ្លែងថា៖«ការវិនិយោគក្នុង Sabay នេះ គឺស្របគ្នាជាមួយនឹងយុទ្ធសាស្ត្ររបស់យើង ដើម្បីបំពេញតម្រូវការកាន់ច្រើន របស់អ្នកប្រើប្រាស់អ៊ីនធឺណិតរបស់យើង។ ការរួមបញ្ចូលគ្នារវាងភាពនាំមុខគេ ផ្នែកអ៊ីនធឺណិតរបស់ Smart និងcontent ដ៏ចាប់អារម្មណ៍របស់ Sabay នឹងអនុញ្ញាត ឲ្យយើងផ្ដល់នូវគំនិតជីវិត បែបស៊ីវិល័យ កាន់តែសម្បូរបែប។ ការសហការនេះ គឺជាការច្របាច់បញ្ចូលគ្នាដ៏ស័ក្ដិសមបំផុតរវាងក្រុមហ៊ុនច្នៃប្រឌិតថ្មីបំផុតរបស់កម្ពុជាពីរ ដែលនឹងជួយឲ្យក្រុមហ៊ុនទាំងពីរ លូតលាស់កាន់តែឆាប់រហ័ស។ ការវិនិយោគលើក្រុមហ៊ុនដូចជា Sabay មិនត្រឹមតែជា «ដៃគូដ៏សមសួនបំផុត» នោះទេ ថែមទាំងដើរតួជាគំរូដល់វិនិយោគិន និងសហគ្រិនផ្សេងៗទៀត លើអ្វីដែលជាឱកាសនៅក្នុងទីផ្សារយុវវ័យកម្ពុជា ជាមួយនឹងសក្ដានុពលដ៏អស្ចារ្យ»។

លោក ជី សិលា បានឲ្យដឹងថា កម្ពុជា ជាប្រទេសវ័យក្មេង និងរីកចម្រើនឆាប់រហ័ស ដូច្នេះវិស័យឌីជីថល នឹងលូតលាស់ឆាប់រហ័សជាងការគិត ។នាយកប្រតិបត្តិ Sabay រូបនេះ បន្តថា ការសហការជាមួយ Smart នឹងជួយឲ្យក្រុមហ៊ុនទាំងពីរប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនឲ្យអស់លទ្ធភាព រាប់ចាប់ពីអតិថិជន ដល់ បច្ចេកវិទ្យា ហើយនឹងធ្វើការក្នុងទស្សនវិស័យរួមគ្នា ក្នុងការផ្ដល់នូវឌីជីថលដ៏ទំនើប និង lnternet of Things៕