(ភ្នំពេញ)៖ លោកទេរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានថ្លែងថា លេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងអាចចូលរួមចំណែកលើទិដ្ឋភាពសំខាន់ ៣ផ្សេងទៀតបន្ថែមលើវិស័យអាទិភាពទាំង៥ ដែលបានដាក់ចេញដោយប្រមុខដឹកនាំប្រទេសទាំង៦ កាលពីឆ្នាំមុននេះ។
ការលើកឡើងបែបនេះរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងពិធីសម្ពោធលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីស្តីការក្រសួងការបរទេស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។
វិស័យអាទិភាពដែល លោកទេសរដ្ឋមន្រ្តី បានប្រមើលមើលឃើញទាំង៣នោះរួមមាន៖
ទី១៖ ការរៀបចំគោលនយោបាយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ លោកជឿជាក់ថា កម្លាំងសរុបនៃបញ្ញាញាណនៃស្ថាប័នសមាជិកទាំង២២ នៃលេខាធិការដ្ឋានរបស់យើង នឹងដើរតួនាទីជា «អ្នកដឹកនាំនៃគំនិត» ដើម្បីចូលរួមចំណែកក្នុងដំណើរការគោលនយោបាយទាំងមូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដូចជា ក៖ ការស្វែងរកវិធីកែលំអដើម្បីឱ្យផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ខ៖ ការធានាឱ្យមានថាមពលរួម និងការបំពេញបន្ថែមគ្នាជាមួយនឹងកិច្ចសហប្រតិបត្តិការផ្សេងទៀតដូចជាក្របខ័ណ្ឌមហាអនុតំបន់មេគង្គ និងយន្តការកិច្ចសហប្រតិបត្តិការមេគង្គផ្សេងទៀត និង គ៖ ការគាំទ្រដល់របៀបវារៈអភវិឌ្ឍន៍របស់កម្ពុជាសមស្របតាមសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ទី២៖ ការកសាងសមត្ថភាពនៃមន្ត្រី។ លោកបានថ្លែងថា អគារមួយគឺធ្វើជាគ្រឹះស្ថានសម្រាប់វិទ្យាស្ថានការទូត និងការសិក្សាអន្តរជាតិ។ លោករំពឹងនឹងឃើញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងលេខាធិការដ្ឋានជាមួយនឹងវិទ្យាស្ថាន ក្នុងបរិបទនៃការចែករំលែកចំណេះដឹង និងបទពិសោធន៍ ទាំងក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសទាំង៦ក្នុងតំបន់ ។
ទី៣៖ ការអប់រំផ្សព្វផ្សាយ។ លោកញុំរំពឹងថា លេខាធិការដ្ឋាននឹងអាចដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីការងារ និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តួយ៉ាងដូចជាការបង្កើតកម្មវិធីផ្សព្វផ្សាយដល់ប្រព័ន្ធសារព័ត៌មាន និងសកលវិទ្យាល័យ ការបង្កើតទស្សនាវដ្តី ឬព្រឹត្តិបត្តិប្រចាំត្រីមាស ការរៀបចំសន្និសីទ ឬសិក្ខាសាលាលើប្រធានបទដែលមានប្រយោជន៍ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាដើម ។
សូមបញ្ជាក់ថា ប្រមុខដឹកនាំនៃប្រទេសទាំង៦ នៃក្របខ័ណ្ឌមេគង្គ-ឡានឆាង បានអនុម័តវិស័យអាទិភាពគន្លឹះចំនួន៥សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងនោះរួមមាន៖ ១៖ការតភ្ជាប់ ២៖សមត្ថភាពផលិត ៣៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ៤៖ធនធានទឹក និង៥កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ៕