(ភ្នំពេញ)៖​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យដំណើរការហើយនូវលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសតាមបណ្ដោយដងទន្លេមេគង្គ និងប្រទេសចិន។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពី អគ្គរាជ/រដ្ឋទូត ឬ តំណាងនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ប្រចាំនៅកម្ពុជា រួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងចិន និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផងដែរ។

​ពិធីសម្ពោធលេខាធិការដ្ឋានជាតិនេះ បង្ហាញពីការចូលរួមរបស់កម្ពុជា ជាមួយបណ្តាប្រទេស អាស៊ីអាគ្នេយ៍បួនទៀត ដែលមានទីតាំងភូមិសាស្រ្ត នៅតាមបណ្តោយទន្លេមេគង្គ ក្នុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីលើកកំពស់ការអភិវឌ្ឍនៅក្នុងតំបន់ ជាមួយគោលបំណងបង្កើតសហគមន៍ដែលមានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព រួមគ្នាមួយ។

លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ​បានឲ្យដឹងថា ចាប់តាំងពីត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បាន អនុម័តការប្តូរវេនគ្នា រៀងរាល់ពីរឆ្នាំម្តងនៅក្នុងចំណោមប្រទេស ដែលនៅតាមបណ្តោយទន្លេមេគង្គ ដើម្បីធ្វើសហប្រធានជាមួយប្រទេសចិន ដែលជាប្រធានអចិន្រ្តៃយ៍នៃទន្លេឡានឆាង នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ ការសំរេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព ក៏ដូចជាការជំរុញការផ្លាស់ប្តូរផ្នែកសង្គម វប្បធម៌ និងរវាងប្រជាជន ផងដែរ។

គួរកត់សម្គាល់ថា ក្នុងគោលបំណងពង្រឹងបន្ថែមទៀត យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសទាំង៦នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី២ កាលពីខែធ្នូ ឆ្នាំ ២០១៦ នៅខេត្តសៀមរាប បង្កើតឲ្យមានលេខាធិការដ្ឋានជាតិ/អង្គភាព សម្របសម្រួលមួយ នៅក្នុងក្រសួងការបរទេសនៃប្រទេសនីមួយៗ។

បន្ថែមពីនេះប្រទេសកម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះ និងធ្វើសហប្រធានជាមួយប្រទេសចិន សំរាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅក្នុងខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ផងដែរ៕