(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធសាសនាបួងសួងសុំសេចក្ដីសុខសាន្ដ ដល់ប្រជាជនពិភពលោក ជាពិសេសប្រជាជនកម្ពុជា ជាលើកដំបូង ក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំធ្វើឡើងនៅក្នុង អាគារ City Hall កោះពេជ្យ។

ពិធីបុណ្យពុទ្ធសាសនាបួងសួងសុំសេចក្ដីសុខសាន្ដ ដល់ប្រជាជនពិភពលោក ជាពិសេសប្រជាជនកម្ពុជានេះ ក៏មានការនិមន្ដអញ្ជើញចូលរួមពី សម្ដេចព្រះបញ្ញា ដួង ផង់ សម្ដេចព្រះសង្ឃនាយករង នៃកម្ពុជា, ព្រះតេជគុណ ស៉ីន ម៉ៅ ប្រធានប្រតិបត្ដិសមាគមពុទ្ធសាសនាចិនពិភពលោក។ ក្នុងនោះក៏មានវត្ដមាន អ្នកឧកញ៉ា ពុង ឃាវសែរ ប្រធានសមាគមខ្មែរ-ចិន នៃកម្ពុជាផងដែរ។

ពិធីខាងលើនេះ រៀបចំធ្វើឡើងដោយ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន បានផ្ដួចផ្ដើមគំនិតជាមួយសមាគមព្រះសង្ឃខ្មែរ-ចិនពិភពលោក រៀបចំពិធីនេះជាលើកដំបូងនៅក្នុងរាធានីភ្នំពេញ ដោយមានព្រះសង្ឃជាង១០០អង្គ និមន្ដមកពីបណ្ដាប្រទេសផ្សេងៗរួមមាន ចិន កាណាដា វៀតណាម តៃវ៉ាន់ ហុងកុង។

ពិធីនេះ មានគោលបំណង ឧទ្ទិសមគ្គផលកុសលជូនទៅជីដូន ជីតា បុព្ធការីជន គ្រូបានអាចារ្យ សាច់សាលោហិត និងបងប្អូនញាតិកា ទាំងប្រាំពីរសន្ដោនដែលបានស្លាប់បាត់បង់ជីវិតកាលពីសម័យរបប ប៉ុលពត ដោយសារការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ក្ដី និងសម័យក្រោយៗមកទៀត និងគ្រោះថ្នាក់នៅកោះពេជ្យនេះក្ដី ៕