(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន បានបន្ដចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន្តនៅ ចំណុចម្តុំគល់ស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៥ ភូមិ១៦ និងភូមិ១៣ ផ្លូវលេខ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ថាប្រតិបត្តិការនេះ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន៤២នាក់ ស្រី១៦នាក់ ក្នុងនោះ ចំនួន២៦នាក់ ស្រី០៩នាក់ មានឯកសារស្នាក់នៅត្រឹមត្រូវ និងចំនួន១៦នាក់ ស្រី០៧នាក់ បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារស្នាក់នៅមិនត្រឹមត្រូវ។
បើតាមប្រធាននាយកដ្ឋានរូបនេះ ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ បានសម្រេចបញ្ជូនជនបរទេសទាំងចំនួន១៦នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕