(កំពង់ធំ)៖ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមូលមតិគ្នាប្រារព្ធពិធីដង្ហែអង្គកឋិនទានសាមគ្គីនាំយកបច្ច័យពុទ្ធបរិស័ទ និងសម្បុរសជនចូលរួមចាប់មគ្គផលតាមពុទ្ធសទ្ធាជ្រះថ្លា ដើម្បីប្រមូលបច្ច័យសម្រាប់ការសាងស់ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តឥន្ទកុមារ ស្ថិតនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧។

ក្បួនដង្ហែអង្គកឋិនសាមគ្គី ត្រូវបានដង្ហែចេញពីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឆ្ពោះទៅកាន់វត្តឥន្ទកុមារ ក្រោមការផ្តួចផ្តើមពិធីបុណ្យ ដោយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងមេបញ្ជាការ រងនាយទាហាន ពលទាហាន រួមទាំងលោកតា លោកយាយ សម្បុរសជនជាច្រើន បានមកចូលរួមយ៉ាងអធឹកអធ័ម ដើម្បីសាងកុសល់ផលបុណ្យសម្រាប់ជាតិនេះ និងជាតិក្រោយឯទៀត ដែលជាពិធីបុណ្យត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលជាសាសនាព្រះពុទ្ធ ប្រារព្ធឡើងតៗគ្នារហូតពីជំនាន់មួយទៅជំនាន់មួយ ដែលជាទំនាមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលមក។

បុណ្យកឋិនទាននាសម័យពុទ្ធកាល ពេលដែលព្រះសម្មាសម្ពុទ្ធទើបបានត្រាស់ដឹងថ្មីៗ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃប្រើប្រាស់តែសំពត់បង្សុកូល គឺសំពត់ឥតម្ចាស់ ដែលភិក្ខុរកបានពីព្រៃស្មសាន ឬពីគំនរសំរាម ប៉ុន្តែក្រោយមកទើបទ្រង់អនុញ្ញាតឲ្យភិក្ខុអាចប្រើប្រាស់គហបតីចីវរ គឺសំពត់មានម្ចាស់ ដែលភិក្ខុបានមកដោយសារគេប្រគេន ចាប់ពីពេលនេះហើយ ដែលកឋិនទានចាប់ផ្ដើមមានកំណើតឡើងកឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដីអាចធ្វើបានតែក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថា កឋិនទានបានដែរ ព្រោះធ្វើខុសកាលទានមិនចំសម័យមួយខែចុងវស្សានរដូវនេះ ពោលគឺមិនត្រូវតាមពុទ្ធានុញ្ញាតក្នុងវត្តមួយ បើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែកឋិនចូលបានដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថា ដោយប្រទេសមានសន្តិភាព មានការអភិវឌ្ឍ ប្រជាពលរដ្ឋប្រុសស្រីសប្បាយនឹងការធ្វើបុណ្យកឋិនទាន រួមទាំងពិធីបុណ្យផ្សេងៗ ដែលជាទំនាមទម្លាប់របស់ដូនតា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យព្រះពុទ្ធសាសនារស់រវើក និងបានដើរទទឹមគ្នារវាងពុទ្ធចក្រ និងអាណាចក្រមិនតែប៉ុណ្ណោះ ក្នុងអំឡុងសម្តេចតេជោដឹកនាំបានធ្វើរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជាវត្តអារាម អាស្រម និងទីកន្លែងបូជាស្ការៈផ្សេងៗ ទោះជានៅចំណាត់មាត់ញក ក៏ដោយក៏មានវត្ត មានព្រះវិហារដែរ ជាក់ស្តែងក្នុងថ្ងៃនេះ បានដឹកនាំកឋិនសាមគ្គីរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមជាង៣០កឋិនទាន ហើយបានរួបរួមបច្ច័យព្រគេនព្រះគ្រូចៅអធិការ ប៉ែន ផានិត ចំនួន១៨,៥៨០,០០០ រៀល សម្រាប់បច្ច័យកសាង៕