(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីបំភ្លឺមួយ ដល់សាធារណៈជន និងប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងខណ្ឌទាំងអស់ថា ការផ្តល់សេវាសាធារណៈដែលត្រូវបានធ្វើឡើង តាមច្រកចេញចូលតែមួយ គឺត្រូវប្រើរយៈពេល៣​ថ្ងៃ (គិតពីថ្ងៃធ្វើការ)។

ការចេញមកបញ្ជាក់សារជាថ្មី នៃដំណើរការផ្តល់សេវាសាធារណៈខាងលើនេះ ពីសំណាក់រដ្ឋបាលខណ្ឌសែនសុខ បានកើតមានឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ បានបញ្ចេញប្រតិកម្ម និងមិនពេញចិត្តចំពោះភាពយឺតយ៉ាវ របស់មន្រ្តីរដ្ឋបាលខណ្ឌសែនសុខ គ្រាន់តែបញ្ជាក់លិខិតអត្តសញ្ញាណបណ្ណ ពោលដាក់ចូលតាំងពីថ្ងៃសុក្រ​ទី៦ ខែតុលា ហើយរហូតមកដល់ថ្ងៃច័ន្ទ​ទី៩ ខែតុលា​នេះ នៅមិនទាន់បាននៅឡើយ។

យោងតាមលិខិតរបស់រដ្ឋបាលខណ្ឌសែនសុខ ដែលផ្ញើជូន លោក លឹម ជាវុត្ថា អគ្គនាយក Fresh News បានបញ្ជាក់ថា «ជាគោលការណ៍ ការផ្តល់សេវារដ្ឋបាល គឺធ្វើឡើងតាមការិយាល័យច្រកចេញចូលតែមួយខណ្ឌ ដោយអនុលោមតាមប្រកាសអន្ដរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុលេខ ១៤៣៤២ ប្រកចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដីកាលេខ ០០១ដក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ ស្ដីពីការកំណត់តម្លៃសេវារដ្ឋបាល។ យោងតាមស្មារតីនៃប្រកាសអន្ដរក្រសួង និងដីការបស់ក្រុមប្រឹក្សាខណ្ឌ សេវានីត្យានុកូលកម្ម លើឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបានកំណត់ផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃធ្វើការ និងកម្រៃសេវាសូន្យរៀល (មិនយកកម្រៃ)។ កន្លងមកមន្ដ្រីការិយាល័យច្រកចេញចូលតែមួយ ក៏ដូចជាមន្ដ្រីរដ្ឋបាលខណ្ឌ បានខិតខំបំពេញការងារ លើការផ្ដល់សេវារដ្ឋបានជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងទាន់ពេលវេលា មិនឲ្យលើសពរយៈពេលដែលលិខិតបទដ្ឋានបានកំណត់នោះទេ»

សូមជម្រាបថា ប្រជាពលរដ្ឋបានបញ្ចេញប្រតិកម្ម និងមិនពេញចិត្តចំពោះការបម្រើសេវាសាធារណៈទូទៅ ពីសំណាក់មន្ដ្រីរដ្ឋបាលខណ្ឌសែនសុខ ជូនប្រជាពលរដ្ឋទូទៅ ដោយមានភាពយឺតយ៉ាវ ដែលធ្វើឲ្យពួកគាត់មានការថ្នាំងថ្នាក់យ៉ាងខ្លាំង៕

សូមខ្លឹមសារទាំងស្រុង នៃសេចក្ដីបំភ្លឺដែលមាននៅខាងក្រោមនេះ៖