(កំពង់ធំ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានចូលរួមចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងរងគ្រោះដោយធម្មជាតិចំនួន ៤០៧គ្រួសារ នៅឃុំសំព្រោច ឃុំទ្រា និងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ណែត សារី ប្រធានអនុសាខាកាកបាទក្រហមស្រុកស្ទោង បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រ និងការលិចលង់ដោយជំនន់ទឹកភ្លៀងកន្លងមក បានធ្វើឲ្យលិចផ្ទះសម្បែង និងខូចខាតផ្លូវថ្នល់ ព្រមទំាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងផ្សេងទៀត។

លោក សុខ លូ បានបញ្ជាក់ថា នេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្ររបស់សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋទីទ័លក្រកំពុងជួបការលំបាក ចាស់ជរា និងងាយរងគ្រោះដោយធម្មជាតិ។

លោកមន្ថែមថា ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព ពិសាអាហារដែលចម្អិនបានល្អ ផឹកស្អាត រស់នៅមានអនាម័យ ដើម្បីបញ្ជៀសជំងឺឆ្លង ហើយបើមានជំងឺឈឺថ្កាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ។ ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបបរបន្ថែមទៀត និងដាំបន្លែបង្ការ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង។

លោកស្រី ពុំ ចន្ទីនី បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីន្លែង ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។
ម្យ៉ាងវិញទៀត នារីដែលស្ថិតក្នុងវ័យបន្តពូជត្រូវទៅរកសេវាសុខាភិបាល ដើម្បីថែរក្សាផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ យ៉ាងហោចណាស់ឲ្យបានបួនដងមុនសម្រាល និងទៅសម្រាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត បើសង្ស័យថា ខ្លួនមានផ្ទុកមេរោគអេដស៍ សូមទៅធ្វើតេស្តឈាមដើម្បីទទួលយកថ្នាំពន្យាជីវិតពីគ្រូពេទ្យ និងពិធីទប់ស្កាត់ការឆ្លងមេរោគពីម្តាយទៅកូន និងយកកូនទៅទទួលវ៉ាក់សំាងការពារជំងឺ៨មុខ។
ត្រូវគិតគូរពីសុវត្ថិភាពតាមដងផ្លូវជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

អំណោយដែលត្រូវទទួលក្នុងមួយគ្រួសារមាន អង្ករ៣០គីឡូក្រាម មី១កេះ ត្រីខ១យួរ និងឃីដ១កញ្ចប់។

ក្នុងពិធីចែកអំណោយនោះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋទូទំាងប្រទេស ជាពិសេសបានចុះផ្ទាល់ដល់កន្លែង និងឃើញជាក់ស្តែងនូវជីវភាពក្រីក្រលំបាករបស់ពួក៕