(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមយុវជនកម្ពុជា ដែលត្រៀមខ្លួនចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ខាងមុខនោះ ហ៊ាននិយាយពីការពិតនៃស្ថានការណ៍នយោបាយនៅកម្ពុជា ដើម្បីឲ្យយុវជនប្រទេសដទៃបានដឹងកាន់តែច្បាស់ ពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

ការលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោកបណ្ឌិត អ៊ិត សំហេង ទទួលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ដល់ប្រតិភូយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។

លោករដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩ យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានបង្កើតនូវអនុស្សាវរីយ៍ជាច្រើន ដូចជា ចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងយុវជន និងយុវជនអាស៊ាន ពង្រីកចំណេះដឹង និងទស្សនវិស័យអន្តរជាតិរបស់យុវជនក្នុងក្របខណ្ឌតំបន់ និងពិភពលោកជាដើម។ ដូចនេះ យុវជនត្រូវតែរក្សាជានិច្ចនូវទំនាក់ទំនងល្អរវាងគ្នានិងគ្នា ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ជាតិ។ លោកបានស្នើឲ្យយុវជនរួមគ្នា ថែរក្សាវប្បធម៌ និងការពារបេតិភណ្ឌជាតិរូបិយ ពិសេសកុំឲ្យមានការរើសអើងជាតិសាសន៍។

លោករដ្ឋមន្ត្រីបានបញ្ជាក់អំពីតួនាទីរបស់យុវជនអាស៊ានកម្ពុជាថា ត្រូវហ៊ាននិយាយពីការពិតនៃសភាពការណ៍នយោបាយនៅកម្ពុជា ដើម្បីឱ្យយុវជននៃបណ្តាប្រទេសផ្សេងទៀត បានដឹងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការពារបាននូវសុខដុមនីយកម្មជូនប្រជាជន មានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ លើសពីនេះកម្ពុជាអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អមួយ ដែលធានានូវនិរន្តរភាពសេដ្ឋកិច្ច និងបន្តអភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អគួរឱ្យកត់សម្គាល់។

លោក ផាន់ សុភា ប្រធានប្រតិភូនាវាយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ បានឲ្យដឹងថា កម្មវិធីនេះមានគោលបំណងសំខាន់ៗ ដូចជា បង្កើនមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងយុវជនអាស៊ាន និងយុវជនជប៉ុន លើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងទស្សនទានរបស់យុវជនលើកិច្ចការងារតំបន់ និងពិភពលោក។ តាមរយៈកម្មវិធីនេះ យុវជននឹងអភិវឌ្ឍន៍ខ្លួនឯងបង្កើតបណ្តាញទំនាក់ទំនងឪពុកម្តាយធម៌ និងពង្រីងភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ។

សូមជម្រាបថា យុវជនចំនួន២៩រូប ត្រូវបានជ្រើសរើសតាមរយៈកម្មវិធីប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើជាតំណាងរបស់ប្រទេសកម្ពុជានឹងត្រូវចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដោយនាវាយុវជនអាស៊ីអាគ្នេយ៍នឹងចូលចតក្នុងប្រទេសចំនួន៦ រួមមាន ប្រទេសជប៉ុន ហ្វីលីពីន វៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា៕