(សៀមរាប)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាប ជំនាន់ទី២៣ ចំនួន២១៥រូប ដើម្បីស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ នាពេលបច្ចុប្បន្ន។

ពីធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ខាងលើ ធ្វើឡើនៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីក្រសួងទេសចរណ៍ តំណាងមន្ទីរទេសចរណ៍ មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរជាតិអប្សរា គណៈគ្រប់គ្រងសាកលវិទ្យាល័យ និងលោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យអង្គរប្រមាណ ២៥០នាក់។

លោក ប៉ាក់ សុខុម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ជំនាន់ទី២៣នេះ ត្រូវបានបញ្ចប់ដោយសិក្សារយៈពេល៤ខែ និងចុះកម្មសិក្សា២ខែ ដែលមានជំនាញផ្នែកភាសាចំនួន៨ ដូចជា ចិន ជប៉ុន ថៃ បារាំង វៀតណាម អង់គ្លេស កូរ៉េ និងអេស្ប៉ាញ។ សិក្ខាកាមជ័យលាភីទាំងអស់ នឹងចូលរួមបម្រើសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងតំបន់សៀមរាប និងតំបន់ជុំវិញ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការនៃកំណើនភ្ញៀវទេសចរក្នុងតំបន់នេះ។

ជាក់ស្តែងយោងតាមទិន្នន័យបឋម ៨ខែ ឆ្នាំ២០១៧នេះ មានទេសចរមកទស្សនាតំបន់សៀមរាបចំនួន ៤,០៨៣,០២២នាក់ កើនឡើង ១១.៧៨% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ១,៦០៨,៤៣១នាក់ កើនឡើង ១១.៩២% និងភ្ញៀវទេសចរជាតិមានចំនួន ២,៤៧៤,៥៩១នាក់ កើនឡើង ១១.៩៨%។ តួលេខនេះបង្ហាញថា ទេសចរអន្តរជាតិនៅតែគាំទ្រ និងទុកចិត្តថា កម្ពុជាពិតជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ និងសុខសុវត្ថិភាព។

លោករដ្ឋលេខាធិការបានលើកឡើងថា មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារអំពីប្រទេស ដែលផ្តល់ព៌តមានពន្យល់បកស្រាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ ផលិតផលទេសចរណ៍នានា ព្រមទាំងសុខសន្តិភាពរបស់ប្រទេសដល់ទេសចរអន្តរជាតិ។ ដូចនេះ មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នា ដើម្បីផលប្រយោជន៍ខ្លួនឯង និងសង្គមទាំងមូល។  

សូមបញ្ជាក់ថា នៅកម្ពុជាមគ្គុទ្ទេសក៍ទេសចរណ៍មាន៥ប្រភេទ រួមមាន៖ មគ្គុទ្ទេសក៍ទេសណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ក្រោមជាតិ ថ្នាក់សហគមន៍ និងថ្នាក់ពិសេស ស្របតាមស្មារតីនៃអនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា។

ដើម្បីក្លាយជាមគ្គុទ្ទេសក៍ទេសណ៍ បេក្ខជនត្រូវចូលរួមប្រឡងជ្រើសរើសចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសណ៍ តាមសាលា ឬសាកលវិទ្យាល័យដែលបានទទួលសិទ្ធិបណ្តុះបណ្តាលពីក្រសួងទេសចរណ៍។ បន្ទាប់មកត្រូវស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសណ៍នៅក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ឬតាមប្រព័ន្ធអនឡាញ។

លោកក៏បានពាំនាំនូវប្រសាសន៍ណែនាំរបស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដល់សិក្ខាកាមទាំងអស់ឱ្យខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួន ឱ្យស័ក្តិសមជាមគ្គុទ្ទេសក៍ថ្នាក់តំបន់ ដែលត្រូវមានចំណេះដឹងទូលំទូលាយទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ប្រវត្តិសាស្រ្ត ប្រពៃណី សិល្បៈ វប្បធម៌របស់ខ្មែរ។

លោករដ្ឋលេខាធិការក៏បានលើកឡើងដែរថា សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាចម្បងដែលជំរុញដល់ការអភិវឌ្ឍរីកចម្រើននៃវិស័យទេសចរណ៍បច្ចុប្បន្ន និងទៅអនាគត។

សូមរំឭកថា នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥%។ សម្រាប់៧ខែ ឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៣,១០៩,៣០៦នាក់ កើនឡើង ១២.៨%។ រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានមគ្គុទ្ទេសក៍ទេសចរណ៍ចំនួនជាង ៥ពាន់នាក់ ថ្នាក់ជាតិ ៨០នាក់ និងថ្នាក់សហគមន៍ចំនួនប្រមាណ ២០០នាក់៕