(សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ចាប់ពីខែមករា មកទល់នឹងខែកញ្ញា ឆ្នាំ២០១៧នេះ មានមនុស្សរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសម័យកាលសង្គ្រាម មានចំនួន៤៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៩នាក់ និងពិការភាព២៣នាក់ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុនមានចំនួន៦៩នាក់ មានការថយចុះ២៦នាក់ ស្មើនឹង៣៨ភាគរយ។

លោកថ្លែងបែបនេះ ក្នុងការចូលរួមជាអធិបតីពិធីបើកសិក្ខាសាលា បូកសរុបការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរយៈពេល៩ខែ ឆ្នាំ២០១៧ និងការផ្សព្វផ្សាយផែនការសកម្មភាពការងារអប់រំ កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម២០១៧-២០១៩ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីនសរុបចំនួនប្រមាណ៨០រូប នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប។

លោកទេសរដ្ឋមន្រ្តី សេរី កុសល ថ្លែងបញ្ជាក់ថា «គិតចាប់ពីដើមខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៧ មានអ្នករងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនមានមនុស្សស្លាប់ ៩នាក់, ពិការ១១នាក់ និងរបួស២៣នាក់ សរុប៤៣នាក់ ក្នុងចំណោមអ្នកស្លាប់០៩នាក់ មានក្មេង០៣នាក់ មនុស្សប្រុស០៦នាក់ ស្រ្តីគ្មាន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនមាន៦៩នាក់ ថយចុះ២៦នាក់ ស្មើនឹង៣៨ភាគរយ»

ក្រៅពីនេះលោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះលោក លោកស្រីជាថ្នាក់ដឹកនាំ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងមន្ត្រីរាជការអាជ្ញាធរមីន និងប្រតិបត្តិករអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយ ការទទួលខុសត្រូវហើយទទួលបានលទ្ធផលល្អប្រសើរ ក្នុងការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានធ្វើឲ្យអត្រាជនរងគ្រោះថ្នាក់មានការថយចុះជាបន្តបន្ទាប់នាពេលកន្លងមក។

សិក្ខាសាលារយៈពេលពីរថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ ជាពិសេសប្រតិបត្តិករ អប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានរាយការណ៍ពីលទ្ធផល ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានកំណត់បញ្ហាប្រឈម ក្នុងរយៈពេលកន្លងមក និងរិះរកដំណោះស្រាយរួម ដើម្បីជាមូលដ្ឋានសម្រាប់រៀបចំ ផែនការសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម អោយកាន់តែមានប្រសិទ្ធិភាព

លោកបន្ថែមថា សង្គ្រាមពីអតីតកាលបានបន្សល់ទុក នូវតំបន់ដែលនៅមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន ដែលបានធ្វើឲ្យមនុស្សស្លាប់ និងរបួសពិការ និងជាឧបសគ្គដល់ជីវភាពរស់នៅរបស់ប្រជាជនយើង ព្រមទាំងបានធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងដៃគូអភិវឌ្ឍបានប្រឹងប្រែង ឆ្លើយតបយ៉ាងសកម្ម នូវតម្រូវការផ្នែកមនុស្សធម៌ និងការអភិវឌ្ឍដោយធ្វើការបោសសម្អាតផ្ទៃដី មានមីនបានជាច្រើនម៉ឺនហិកតាជូនដល់សហគមន៍មូលដ្ឋាន។ ក៏ប៉ុន្តែផលប៉ះពាល់ជាអវិជ្ជមានរបស់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំពោះការកាត់បន្ថយភាពក្រីក្រនៅកម្ពុជានៅតែជាបញ្ហាចម្បងនៅឡើយ។

បន្ថែមពីនេះ លោក សេរី កុសល បានសង្កត់ធ្ងន់ថា «កម្ពុជាយើងត្រូវពង្រីកការងារអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់គ្រាប់បែកគីមី ដែលកម្ពុជាយើងកំពុងមានការព្រួយបារម្មណ៍ ហើយត្រូវបង្កើននូវការយកចិត្តទុកដាក់ខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធលើបញ្ហានេះ»