(បន្ទាយមានជ័យ)​៖ នគរបាលក្រុងប៉ោយប៉ែត នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងខុសច្បាប់ ដកហូតបាន​ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន១២កញ្ចប់ ​និងសម្ភារប្រើប្រាស់មួយចំនួន ស្ថិតនៅចំណុចផ្លូវចូលវត្តអណ្តូងថ្មមាស ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយបានជ័យ។

លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែតុលានេះ ឲ្យដឹងថា ក្រោយមានការសម្របសម្រួងលពីលោក មាស ច័ន្ធពិសិដ្ឋ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតឈានមកការបង្ក្រាបករណីខាងលើនេះជាបន្តបន្ទាត់។

លោក ធិន ស៊ិនដេត បានបន្តថា ជនសង្ស័យ២នាក់ ជាអ្នកចែកចាយគ្រឿងញៀន ចំណែកជនសង្ស័យ៥នាក់ទៀតជាអ្នកប្រើប្រាស់គ្រឿងញៀន ដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន​ ICE ចំនួន១២កញ្ចប់តូច, ទូរស័ព្ទដៃចំនួន៦គ្រឿង, និងសំភារៈមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាងត្រូវនគរបាលជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបងខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការតាមនីតិវិធីច្បាប់៕