(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានកសាងបណ្តាញលូជាច្រើនខ្សែ នៅក្នុងរាជធានីភ្នំពេញ ពិសេសថែមទៀតនោះ គឺការកសាងស្ថានីយបូមទឹកធំៗជាច្រើនកន្លែង ដែលមានសមត្ថភាពបូមទឹក៥ម៉ែត្រគូប ក្នុង១វិនាទី គឺកើន៣ដង ធៀបនឹងស្ថានីយបូមទឹកចាស់។

ជាក់ស្តែងសម្រាប់ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីជម្រុញការងារខាងលើ ឲ្យបានល្អ និងទាន់ពេលវេលា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក្រោយពីបញ្ចប់ការចូលរួមកម្មវិធីជាមួយសម្តេចតេជោ ហ៊ុន សែន នៅមជ្ឈមណ្ឌលកោះពេជ្រ បានដឹកនាំមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពប្រឡាយស្ថានីយទួលគោកទី២ មុនស្ថាបនាបុកស៊ីផាយ និងសាងសង់ផ្លូវជាប់ប្រឡាយ ដើម្បីរំដោះការលិចលង់ នៅតំបន់មួយចំនួននៅទួលគោក និងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំឲ្យមន្ទីរពាក់ព័ន្ធពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជម្រុញការស្ថាបនាបុកស៊ីផាយ និងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយ៍ ទួលគោកទី២ ដើម្បីរំដោះការលិចលង់ ដោយត្រូវចាប់ផ្តើមដំណើរការឲ្យបានឆាប់ ពោលគឺអាចចាប់ផ្តើមឡើងនៅខែវិច្ឆិកា ឬធ្នូ ឆ្នាំ២០១៧នេះ។

លោក ឃួង ស្រេង ក៏បានជម្រុញឲ្យអាជ្ញាធរ និងមន្ទីជំនាញពាក់ព័ន្ធទាំងអស់ត្រូវចុះមើលផ្លូវ លូ កន្លែងណាដែលលិចតិច ឬច្រើន ដើម្បីរកដំណោះស្រាយពីការលិចលង់នេះ មិនត្រូវដេកឱបពង ពេលមានភ្លៀងធ្លាក់ខ្លាំងនោះទេ។ មានន័យថា កន្លែងណាដែលមានលូស្ទះមិនដំណើរការយើងចាប់ផ្តើមស្តាភ្លាមតែម្តង។ ការស្ថាបនាបុកស៊ីផាយ និងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយទួលគោកទី២នេះ តាមគម្រោងមានតួប្រឡាយទំហំ១៣ម៉ែត្រ និងផ្លូវនៅជាប់មាត់ប្រឡាយទំហំ៥ម៉ែត្រ។ ចំណែកកំណាត់ផ្លូវរថភ្លើងចាប់ពីផ្លូវ៧០(ទំនប់ទួលគោក) ដល់ផ្លូវR10 ក៏និងត្រូវស្ថាបនាជំនួសផ្លូវរថភ្លើងទំហំទទឹង១០ម៉ែត្រផងដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីស្ថាបនាប្រឡាយស្ថានីយទួលគោកទី២នេះរួច តំបន់មួយចំនួនដែលធ្លាប់លិចលង់នៅទួលគោក និងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងលែងទទួលរងការលិចលង់ហើយ។

គួរបញ្ជាក់ថា ស្ថានីយ៏បូមទឹកទួលគោកទី២នេះ ត្រូវបានបំពាក់ម៉ូទ័របូមទឹកចំនួន៥គ្រឿង ដែលមានសមត្ថភាពបូម៥ម៉ែត្រគូប ក្នុង១វិនាទី បន្តទៅប្រឡាយ អូរបាក់ទូក ដោយចាប់ពីផ្លូវទំនប់៧០ រហូតដល់ផ្លូវបូរីទួលសង្កែ ប្រវែង៣៧០០ម៉ែត្រ ទទឹងចាប់ពី១០ម៉ែត្រទៅ៥០ម៉ែត្រ បន្ទាប់ពីស្ថាបនារួច អាចរំដោះទឹកចេញពីតំបន់ទួលគោក តំបន់ស្រះចក ដូនពេញ និងតំបន់ទួលសង្កែ ឬអាចនិយាយបានថា អាចរំដោះទឹកពីភាគខាងជើងរាជធានីភ្នំពេញតែម្តង៕