(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានព្រមានថានឹងបន្ដតាមដាន និងចាត់វិធានការចំពោះអ្នកផ្ដល់ប្រាក់កម្ចី ដែលមិនមានច្បាប់ត្រឹមត្រូវឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជៀសវាងការប្រព្រឹត្តិបទល្មើណាមួយជាយថាហេតុ ពីបុគ្គលអគតិ និងដើម្បីបន្ដខិតខំជំរុញឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់សេវាមីក្រូហិរញ្ញវត្ថុមានលក្ខណៈអនុគ្រោះ សម្រាប់ប្រជាពលរដ្ឋក្រីក្រ។ នេះបើតាមការឲ្យដឹងពីលោក ជា ចាន់តូ អគ្គទេសាភិបាលធានាគារជាតិនៃកម្ពុជា។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា ធនាគារជាតិនឹងចាត់វិធានការ ចំពោះអ្នកផ្ដល់ប្រាក់កម្ចីណា មិនមានច្បាប់ត្រឹមត្រូវដល់ប្រជាពលរដ្ឋ ការចាត់វិធានការនេះ
ដើម្បីពង្រីកការផ្ដល់ឥណទាន ដល់សហគ្រាសធុនតូច និងមធ្យម។ មួយវិញទៀតធ្វើយ៉ាងណា ដើម្បីផ្ដល់ភាពងាយស្រួលដល់
ប្រជាពលរដ្ឋ ឲ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថាន ស្របច្បាប់ហើយធានាថា ផលប្រយោជន៍របស់
ពួកគាត់ត្រូវបានការពារ ប្រកបដោយតម្លាភាព។
លោកបានបន្ដទៀតថា ដើម្បីបន្ដពង្រឹងកិច្ចគាំពារអតិថិជន ធនាគារជាតិនៃកម្ពុជា បានបង្កើតការបំរើសេវាទូរស័ព្ទតាមប្រព័ន្ធ Hotline ដើម្បីផ្ដល់ឲ្យសាធារណជនទាំងអស់ ទំនាក់ទំនងដោះស្រាយពីបញ្ហាពាក់ព័ន្ធ នឹងការប្រើប្រាស់ហិរញ្ញវត្ថុ តាមទីស្នាក់ការកណ្ដាលធនាគារជាតិនៃកម្ពុជា ក្នុងរាជធានីភ្នំពេញចំនួន៥ខ្សែ និងតាមបណ្ដាសាខាធានាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ចំនួន២១ខ្សែទៀត។
លោកបន្តថា ធនាគារជាតិក៏បានបន្ដ រៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ជូនសាធារណជនឲ្យបានជ្រួតជ្រាបបន្ថែមទៀត អំពីប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងបញ្ហាផ្សេងៗដែលអាចកើតឡើងពី ការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ។ បន្ដដាក់ចេញក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យដោយត្រូវថ្លឹងថ្លែង ប្រកបដោយសមភាព និងធ្វើសុខដុមនីយកម្មក្របខ័ណ្ឌគតិយុត្តិ និងពង្រឹងប្រសិទ្ធភាពអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិនានា។
លោកក៏បានបន្ថែមឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវកំណត់គោលការណ៍មួយចំនួនដូចជា៖
* កំណត់នូវគោលនយោបាយច្បាស់លាស់ និងដាក់ចេញនូវវិធានការតឹងរឹងចំពោះមន្រ្ដី និងបុគ្គលិកគ្រប់រូបដែលមិនគោរពតាម
បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រឹះស្ថាន។
* បន្ដអនុវត្តតាមស្មារតីនៃប្រកាស ស្ដីពីការកំណត់ពិដានអត្រាការប្រាក់ឥណទាន ១៨ភាគរយ ឲ្យប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។
* ត្រូវផ្ដល់សេវាហិរញ្ញវត្ថុ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងការប្រកួតប្រជែងដោយតម្លាភាព ស្របតាមកាប្រកាសនានារបស់ធនាគារជាតិនៃកម្ពុជា និងក្រមប្រតិបត្តិរបស់គ្រឹះស្ថាន ក៏ដូចជាពង្រឹងការអនុវត្តតាមគោលការណ៍ នៃកិច្ចការពារអតិថិជនរបស់ Smart Campaign ផងដែរ។
* ត្រូវពង្រឹងប្រសិទ្ធភាព និងចាត់វិធានការអនុវត្តពាក់ព័ន្ធនឹងកិច្ចការពារអតិថិជន ដូចជាការបង្កើត Call Center និងផ្សព្វផ្សាយឲ្យអតិថិជនបានដឹងអំពីលេខទូរស័ព្ទ និងអាស័យដ្ឋានទំនាក់ទំនងដើម្បផ្ដល់លទ្ធភាព និងភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើទំនាក់ទំនង។
* បង្កើតការបណ្ដុះបណ្ដាល ការអប់រំ និងការផ្សព្វផ្សាយឲ្យបានច្រើនបន្ថែមទៀត ដើម្បីជួយឲ្យអតិថិជនកាន់តែយល់ច្បាស់ អំពីការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោដៅ និងគោរពតាមកាតព្វកិច្ចប្រាក់កម្ចី ជាដើម៕