(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងអង្គភាពអគ្គិសនីកម្ពុជា ព្រមទាំងអង្គភាពអាជ្ញាធរ ពាក់ព័ន្ធជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានចុះពិនិត្យ និងស្វែងរកដំណោះស្រាយរួមគ្នា ក្រោយពីមានការងាររាំងស្ទៈមួយចំនួន ពាក់ព័ន្ធនឹងខ្សែរត់តង់ស្យុងរបស់អគ្គិសនីកម្ពុជា ទៅកាន់អនុស្ថានីយ៍របស់ខ្លួន ក្រោយរដ្ឋបាលរាជធានីចាប់ផ្តើម រៀបចំគំរោងសាងសង់ស្ពាន អាកាសថ្មីបន្ថែមទៀត។

ការចុះសិក្សាស្វែងយល់ និងរកដំណោះស្រាយខាងលើនេះ ដើម្បីរំកិលខ្សែតុងស្យុងរបស់អគ្គិសនីកម្ពុជា ក្នុងការបញ្ចៀសផលប៉ះពាល់ ការដ្ឋានសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅចំណុចផ្លូវមុនីវង្ស ក្រោមស្ពានអាកាសក្បាលថ្នល់ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី បានប្រាប់ឲ្យដឹងក្រោយការដោះស្រាយថា ជាលទ្ធផលក្រោយការចុះត្រួតពិនិត្យភាគីពាក់ព័ន្ធ បានឯកភាពឲ្យខ្សែរត់របស់អគ្គិសនីកម្ពុជា តង់ស្យុងអាចរត់ចូលតាមគំរោងសាងសង់ស្ពានអាកាសក្បាលថ្នល់បន្ថែម។

លោក សាំ ពិសិដ្ឋ បានបន្ថែមថា ការធ្វើបែបនេះ ដើម្បីមានភាពងាយស្រួលទៅថ្ងៃក្រោយ ក្នុងការសហការគ្នាដោះស្រាយបញ្ហាកុំឲ្យមានផលប៉ះពាល់ ដែលខាងអគ្គិសនីកម្ពុជានិងចាប់ផ្តើមភ្ជាប់បណ្តាញរបស់ខ្លួននៅយប់នេះ។

ជាមួយគ្នានេះដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអភិបាលរាជធានី សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ការដ្ឋានស្ពានអាកាសក្បាលថ្នល់នេះ សូមមានយោគយល់ចំពោះការប៉ះពាល់ ដល់ការធ្វើដំណើររបស់បងប្អូន៕