(ភ្នំពេញ)៖ អង្គព្រះកឋិនទាន ព្រះរាជទ្រព្យ ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់ព្រះមហាក្សត្រថៃ សម្តេចព្រះចៅ យូហួមហាវៈឈិរ៉ាលុងកន បឌិន្រ្ទវៈរ៉ាងគូន នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីដង្ហែអង្គកឋិនទាន ទៅវេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អង្គព្រះកឋិនទាន ព្រះរាជទ្រព្យនេះ ដឹកនាំដោយ ព្រះរាជតំណាង របស់ព្រះមហាក្សត្រថៃ លោកនាយឧត្តមសេនីយ៍ឯក ធៈណៈស័ក្តិ បតិម៉ាប្រៈកន ឧបនាយករដ្ឋមន្រ្តីថៃ និងមានការចូលរួមពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជា ជាច្រើនរូបទៀតផងដែរ។
ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពី សំណាក់មន្ត្រីក្រសួងការបរទេសកម្ពុជា អស់លោក-លោកស្រី ជាសមាជិករាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប និងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។ ក្នុងនោះដែរ ក៏មានវត្តមាន សម្ដេចព្រះអគ្គ មហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃកម្ពុជាផងដែរ។
ព្រះរាជពិធីបុណ្យ បានប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបានប្រារព្ធ ព្រះរាជពិធីដង្ហែ អង្គព្រះកឋិនទានព្រះរាជទ្រព្យ ជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវ បទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
ក្រោយពីក្បួនដង្ហែព័ទ្ធជុំវិញ ព្រះវិហាររួច យកត្រៃចីវរអង្គកឋិនព្រះរាជទាន និងគ្រឿងបរិក្ខារពី ព្រះមហាក្សត្រថៃ មករៀបចំវេរប្រគេនព្រះសង្ឃរួចមក លោកនាយឧត្តមសេនីយ៍ឯក ធៈណៈស័ក្តិ បតិម៉ាប្រៈកន ឧបនាយករដ្ឋមន្រ្តីថៃ បានអានប្រកាស អំពីព្រះទ័យជ្រះថ្លារបស់ព្រះមហាក្សត្រថៃ ដែលតែងតែមានបំណង ចូលរួមលើកស្ទូយវិស័យព្រះពុទ្ធសាសនា ដែលប្រទេសថៃ និងកម្ពុជា គោរពចំពោះព្រះពុទ្ធសាសនា តាមប្រពៃណីដូចគ្នា តាំងពីយូរលង់ណាស់មក។
ក្នុងពិធីបុណ្យកឋិនទាននេះ បច្ច័យដែលទទួលបានចំនួន ៩,៥៤៥ ដុល្លារអាមេរិក និងលុយបាតមានចំនួន ៥៨៣,៣២០បាត និង១៤,២២៩,៤០០រៀល។
សូមបញ្ជាក់ថា ព្រះមហាក្សត្រថៃ តែងតែបានដង្ហែ អង្គព្រះកឋិនទានព្រះរាជទ្រព្យ មកកាន់ប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ តាមរយៈក្រសួងការបរទេសថៃ ដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងមិត្តភាព រវាងព្រះពុទ្ធសាសនា និងដើម្បីសម្ព័ន្ធមេត្រីភាព រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ នេះជាលើកទី១៩ ដែលបានរៀបចំដំណើរការ អង្គកឋិនទាន៕