(បន្ទាយមានជ័យ)៖ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងនគរបាលការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ បានចុះពិនិត្យទំនិញ ម្ហូបអាហារ ដែលខូចគុណភាព និងមានសារធាតុគីមី នៅផ្សារបន្ទាយនាង និងផ្សារអូរស្ងួត ប៉ុន្តែជាលទ្ធផលរកមិនឃើញនោះទេ។

លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ Fresh News ថា យុទ្ធនាការចុះត្រួតពិនិត្យមុខទំនិញទាំងនេះ បានធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសម្របសម្រួលពីលោក​ តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោក ហុង លៀង បន្ទាប់ពីបានពិនិត្យទៅលើម្ហូបអាហារ និងទំនិញមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើនេះរួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ដែលបានពិនិត្យទាំងនោះឡើយ ដោយសារតែបងប្អូនអាជីវករ និងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងច្រើន។

លោកបានឲ្យដឹងថា ក្នុងការចុះអង្កេតទំនិញខាងលើ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនានា រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែ មានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់៕