(ភ្នំពេញ)៖ កម្លាំងនគរបាលទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋាន ខណៈកំពុងយាមល្បាតពួនស្ទាក់នៅពេលរាត្រី បានឈានទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ រកឃើញថ្នាំញៀន២កញ្ចប់តូច និងដកហូតម៉ូតូ២គ្រឿង នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ បន្ទាប់ពីពួកគេមកពីទិញ ក្នុងបំណងយកទៅធ្វើសកម្មភាពប្រើប្រាស់ នៅចំណុចខាងមុខផ្សារ ព្រែកលៀប ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារ។
លោកវរសេនីយ៍ត្រី អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វារ បានថ្លែងថា កិច្ចសហប្រតិបត្តិការយាមល្បាតពួនស្ទាក់ទាំងយប់ ទាំងថ្ងៃនេះត្រូវបានអនុវត្ត ឡើងជាប្រចាំ គឺដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋពិសេស អនុវត្តគោលការណ៍យុទ្ធសាស្ត្របង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ខណៈជនសង្ស័យទាំង៥នាក់ ដែលត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។
ការបង្ក្រាបបានធ្វើឡើងនៅយប់រំលងអាធ្រាត្រថ្ងៃទី៨ មកដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខផ្សារព្រែកលៀប ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រោយពីមានការណែនាំ ជាបន្តបន្ទាប់ពីអធិការនគរបាលខណ្ឌ លោក សៀម សុត្ថាវុធ ក្នុងការសហការជាមួយកម្លាំង នគរបាលតាមបណ្ដាប៉ុស្ដិ៍ ក្នុងគោលដៅនីមួយៗ។
លោកវរសេនីយ៍ត្រី អ៊ុង សឿន បានបន្តថា ពេលដែលចុះល្បាត ស្រាប់តែប្រទះឃើញ និងគួរឲ្យសង្ស័យលើពួកគេទាំង៥នាក់ ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ១FE-២៣៦៤ និង១គ្រឿងទៀតម៉ាកស្មាក់ ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ១CB-៤២៩៧ ហើយក៏ឈានដល់ធ្វើការឃាត់ត្រួតពិនិត្យ ស្រាប់តែបានរកឃើញថ្នាំញៀន២កញ្ចប់តូច ដែលជនសង្ស័យទើបតែមកពីទិញពីអ្នកចែកចាយដើម្បីយកទៅប្រើប្រាស់។
ជនសង្ស័យទី១៖ ឈ្មោះ ឃី ប៉េងស្រ៊ុន អាយុ២៤ឆ្នាំ មុខរបរជាងក្រឡឹង, ទី២៖ ឈ្មោះ ស្រៀន សារ៉ាត អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ ញិន ចំរើន ភេទប្រុស អាយុ២០ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរជាកម្មករលើកដែក, ទី៤៖ ឈ្មោះ ឡុង បូលីន អាយុ២២ឆ្នាំ មុខរបរសន្តិសុខ, ទី៥៖ ឈ្មោះ ខឿន ថារដ្ឋ អាយុ១៨ឆ្នាំ មុខរបរជាងដែក។
បច្ចុប្បន្នជនស្ស័យទាំង៥នាក់ រួមជាមួយភស្តុតាងត្រូវនគរបាលបញ្ជូនខ្លួនមកសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕