(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ បានក្រើនរំឭកឲ្យក្រុមយុវជនសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ធ្វើការស្វែងយល់ឲ្យបានច្បាស់ អំពីការដឹកនាំរបស់មេគណបក្សប្រឆាំង ដែលបាននិងកំពុងព្យាយាមធ្វើបាបប្រជាពលរដ្ឋកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយ «កុំ៣» ដោយបានប្រាប់ទៅបរទេសថា កុំទី១៖ កុំផ្ដល់ជំនួយមកឲ្យកម្ពុជា, កុំទី២៖ កុំមកវិនិយោគនៅកម្ពុជា និងកុំទី៣៖ កុំឲ្យទិញទំនិញពីកម្ពុជា ដែលជាគោលនយោបាយញុះញង់ លាបពណ៌បង្កភាពចលាចលដល់សង្គមជាតិ ជាគោលនយោបាយបដិវត្តន៍ពណ៌យ៉ាងពិតប្រាកដ។

លោក ជា ពិសី បានបញ្ជាក់ថា «ការព្យាយាមធ្វើបាបប្រជាពលរដ្ឋកម្ពុជា ជាបន្តបន្ទាប់ តាមរយៈគោលនយោបាយ «កុំ៣» របស់មេដឹកនាំ គណបក្សប្រឆាំងខាងលើនេះ មិនអាចទទួលបានជោគជ័យឡើយ ព្រោះខុសគ្នាពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានដាក់ចេញនូគោលនយោបាយឲ្យមាន «សុំ៣» ដោយសុំទី១៖ សុំឲ្យមានការវិនិយោគនៅកម្ពុជា, សុំទី២៖ សុំឲ្យផ្ដល់ជំនួយមកឲ្យកម្ពុជា និងសុំទី៣៖ សុំឲ្យជួយទិញទំនិញពីកម្ពុជា»

លោក ជា ពិសី បានបញ្ជាក់ទៀតថា ពិសេសសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រចុងខ្សែ៥ ចំណង២យ៉ាងដូច្នេះថា ទី១-សន្តិភាព ទី២-អភិវឌ្ឍន៍។ ដោយចុងខ្សែទី១-គឺរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ចុងខ្សែទី២-គឺរួមគ្នាថែរក្សាការងារដែលកំពុងមាន និងបង្កើតការងារថែមទៀត ដើម្បីកូនចៅរបស់យើង ចុងខ្សែទី៣-គឺបង្កើនចំណូល បន្ថយចំណាយ មិនយកពន្ធលើប្រាក់ឈ្នួល ក្រោម១លានរៀល និងយកចិត្តទុកដាក់កំណត់ថ្លៃថាមពលអគ្គីសនី និងទឹក ចុងខ្សែទី៤-គឺខិតខំកសាងច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយជិត និយោជក ត្រូវទទួលបង់ប្រាក់របបថែរក្សា សុខភាព១០០% ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ និងផ្ដល់ប្រាក់របបមាតុភាព១២០% រយៈពេល៣ខែ ហើយនិងខិតខំកសាងមន្ទីរពេទ្យបង្អែកនៅជិតរោងចក្រ សហគ្រាស និងបំពាក់សម្ភារបរិក្ខាគ្រប់គ្រាន់។

រោងចក្រសហគ្រាសនីមួយៗ ត្រូវគិតគូររៀបចំគិលានដ្ឋានផ្ទាល់ ដើម្បីពិនិត្យព្យាបាលជម្ងឺកម្មករនិយោជិត ចាប់តាំងពីខែសីហា ឆ្នាំ២០១៧នេះ។ រយៈពេល២ឆ្នាំ កម្មករនិយោជិត មានសិទ្ធិជិះរថយន្តរដ្ឋ ដោយមិនចាំបាច់បង់ថ្លៃ ពិសេសចាប់ពីឆ្នាំ២០១៩ទៅ នឹងដាក់ឲ្យអនុវត្តរបបសោធននិវត្តន៍ កម្មករ និងយោជិត និងចុងខ្សែទី៥-គឺយកចិត្តទុកដាក់ចំពោះពលករ ចំណាកស្រុកធ្វើការនៅបរទេស។

លើសពីនេះសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅម្ចាស់ផ្ទះ ដែលមានបន្ទប់ជួលដាច់ខាត សូមកុំដំឡើងថ្លៃផ្ទះ ទឹក ភ្លើង ពិសេសសម្រាប់កម្មការិនី ដែលឆ្លងទន្លេ «សម្រាលបានកូន១» និងទទួលបានថវិកា៤០ម៉ឺនរៀល «សម្រាលកូនភ្លោះ២» និងទទួលបានថវិកា៨០ម៉ឺនរៀល «តែបើសម្រាលបានកូនភ្លោះ៣» និងទទួលបានថវិកា១លាន២០ម៉ឺនរៀល ពីសម្ដេចតេជោ ហ៊ុន សែន ពីព្រោះក្មេងៗទាំងនោះ ជាកូនរបស់សម្ដេច ហើយអាចសម្រាកបានរយៈពេល៣ខែ និងទទួលបានប្រាក់ខែដល់ទៅ១២០ភាគរយ សម្រាប់ទ្រទ្រង់សុខភាពប្រចាំថ្ងៃថែមទៀត។

លោក ជា ពិសី បានលើកឡើងបែបនេះ នៅពេលលោក និងលោកស្រី អាន ផល្លា ប្រធានគណៈចលនាស្ត្រីខណ្ឌ និងមានការរួមដំណើរពីក្រុមយុវជន ស.ស.យ.ក និងយុវជន អ.ម.ត ខណ្ឌ-សង្កាត់ជាច្រើននាក់ ចុះទៅសួរសុខទុក្ខ សំណេះសំណាល ដោយនាំយកនូវអាវយឺត និងថវិកាផ្ទាល់ខ្លួន និងបានមកពីការចូលរួមគាំទ្រពីសប្បុរសជននានា ប្រមាណជា១១៤៥ដុល្លារ និង៤៥ម៉ឺនរៀល មកជួយឧបត្ថម្ភជូនលោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ជិត៥០នាក់ ក្នុងការស្ថាបនាដោយក្រាលជាការ៉ូឡា ក្នុងបរិវេណសាលាបឋមសិក្សា និងវិទ្យាល័យចម្រើនជាតិ ដើម្បីកែលម្អ និងលើកកម្ពស់សោភ័ណ្ឌភាពផងដែរ ពិសេសស្រស់ស្រូបអាហារសម្រន់ជុំគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសដ៏មានន័យនេះ លោក ជា ពិសី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ រាល់ការខ្វះខាតរបស់ ប្រជាពលរដ្ឋ ងាយរងគ្រោះគ្រប់រូប ពិសេសសម្ដេចតេជោ បានប្រើអស់កម្លាំងកាយចិត្ត ក្នុងការទាក់ទាញយកវិនិយោគទុន ពីក្រៅប្រទេស ចូលមកក្នុងប្រទេស បង្កើតបានជារោងចក្រ សហគ្រាសតូច-ធំ ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានប្រាក់ខែល្អប្រសើរ ហើយក៏មានការដំឡើងប្រាក់ខែជាបន្តបន្ទាប់ដោយខុសគ្នា ពីគណបក្សសង្គ្រោះជាតិ ដែលចេះតែញុះញង់បោកប្រាស់ និងបានព្យាយាមប្រាប់ទៅបរទេស​ ឲ្យផ្ដាច់ជុំនួយពីកម្ពុជាទៅវិញដូច្នេះដាច់ខាត សូមប្រជាពលរដ្ឋ កម្មករ-កម្មការិនីទាំងអស់កុំជឿតាម គណបក្សសង្គ្រោះជាតិ តទៅទៀតពីព្រោះសព្វថ្ងៃយើង ទទួលបាននូវសុខសន្តិភាព ពេញបរិបូរហើយ ទើបយើងមានការវិនិយោគ ហើយក៏មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យដូចសព្វថ្ងៃបែបនេះបាន៕