(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី បានប្រកាសសាលក្រមលើករណីឃាតកម្ម ដែលបានប្រើក្រម៉ារឹតកសម្លាប់យុវតីវ័យ១៦ឆ្នាំម្នាក់ ឈ្មោះ ម៉ាន់ ស្រីមុំ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងបង្គាប់ឲ្យសងសំណងជាប្រាក់៣០លានរៀល ដល់គ្រួសារជនរងគ្រោះ ក្រោមបទចោទករណីឃាតកម្មតាមមាត្រា១៩៩ និង១៦០ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យជាឃាតកនេះ បានប្រើក្រម៉ារឹតកសម្លាប់យុវតីវ័យ១៦ឆ្នាំម្នាក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរោងគោ តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងយកទាំងគ្រឿងអលង្ការ រួមនឹងទូរស័ព្ទ ហើបានគេចខ្លួនអស់រយៈពេល២ថ្ងៃ ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រហូតចាប់ខ្លួនបានមកវិញ នៅវេលាម៉ោង៥៖០០នាទីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅឯផ្ទះបងប្អូនរបស់ជនសង្ស័យ ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីកើតមានករណីឃាតកម្មខាងលើ និងក្រោយការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រួមនឹងកម្លាំងនគរបាលការិយាល័យបច្ចេកទេសចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបានធ្វើការសន្និដ្ឋាន ព្រមទាំងវាយតម្លៃថា ជាករណីឃាតកម្ម ខណៈដែលជនសង្ស័យ ពេលធ្វើសកម្មភាពសម្លាប់ជនរងគ្រោះហើយ ក៏រត់គេចខ្លួនទៅរស់នៅជាមួយបងប្អូននៅឯខេត្តកំពង់ឆ្នាំង ទើបឈានដល់បើកប្រតិបត្តិការស៊ើបអង្កេត និងកំណត់បាននូវមុខសញ្ញាឃាតក ហើយក៏តាមប្រម៉ាញ់រហូតចាប់ខ្លួនបាន។
ជនដៃដល់រូបនេះមានឈ្មោះ យ៉ុង ឧត្តម «សាយ» អាយុ១៧ឆ្នាំ មុខរបរកម្មករស៊ីឈ្នួលដឹកគោស្នាក់នៅ ក្បែរផ្ទះជនរងគ្រោះ ឈ្មោះ ម៉ាន ស្រីមុំ អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយឪពុកឈ្មោះ ទូ ល័សម៉ាន់ និងម្ដាយឈ្មោះ ជីត ម៉ាន់ ជាខ្មែរឥស្លាម មានមុខរបរលក់សាច់គោ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ក្នុងក្រុមទី៦ ភូមិដើគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី៕