(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន» លើកទី១ បានបញ្ចប់ហើយ ដោយតំណែងជើងឯកបានទៅក្រុមអាណាចក្របៃតង បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ដោយលទ្ធផល ២-១ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ លើទីលានពហុកីឡដ្ឋានជាតិ កាលពីល្ងាចមិញ ។ ពិធីបិទបានធ្វើឡើងក្រោមវត្តមានលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

ការប្រកួតនេះក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ នៅតង់ទី១ តែក្រុមអាណាចក្របៃតងជាអ្នកបំបែកពង់មាន់បានមុន ដោយកីឡាករ កែវ កុសល បន្ទាប់មកទើបកីឡាករ វ៉ាន់ ម៉ាត់សាធ ជួយក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា តាមស្មើ ។ លុះចូលតង់ទី២ ក្រុមទាំងពីរបានបង្កើនការវាយសម្រុកកាន់តែខ្លាំង រហូតដល់នាទីទី៦៩ កីឡាករ លឹម ចាន់លាភ បានបំប៉ោងសំណាញ់ទីក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាជាថ្មី ហើយក៏ជាគ្រាប់បាល់ជួយឲ្យក្រុមអាណាចក្របៃតងទទួលបានជ័យជម្នះតែម្ដង ។ រីឯក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាបានត្រឹមសោកស្ដាយប៉ុណ្ណោះ ក្រោយបង្កើតឱកាសច្រើនៅចុងម៉ោង តែធ្វើមិនបានសម្រេច ។

ថ្លែងក្នុងពិធីបិទការប្រកួតនោះ លោក វង សូត បានមានប្រសាសន៍ថា ការរៀបចំលើកដំបូងនេះ ពិតជាទទួលបានជោគជ័យ ហើយលោកបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍បាល់ទាត់កម្រិតមហាជននេះ ទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ ។ ហេតុដូច្នេះពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នឹងរៀបចំជារៀងរាល់ឆ្នាំ ជាមួយនឹងការធ្វើឲ្យកាន់តែអស្ចារ្យជាងមុន ពិសេសក្នុងនាមតំណាងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា លោកក៏ត្រៀមបង្កើតប្រាក់រង្វាន់កាន់តែច្រើនបន្ថែមទៀតផង ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដូវកាលទី១ គឺមាន ១៨ក្រុមចូលរួម ។ ក្រោយឆ្លងកាត់ការប្រកួតជិត ៣ខែកន្លងទៅ ជាលទ្ធផលជើងឯកបានទៅក្រុមអាណាចក្របៃតង ទទួលបានប្រាក់រង្វាន់ ២៥លានរៀល, ជើងឯករងក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ទទួលបានប្រាក់រង្វាន់ ២០លាន និងក្រុមលេខ៣ បានទៅក្រុមពិស្ណុការ ទទួលបានប្រាក់រង្វាន់ ១៥លានរៀល ។ ក្រៅពីនេះ ក៏មានពានរង្វាន់កីឡាករល្អ អ្នកចាំទីល្អ និងក្រុមលេងមានក្រមសីលធម៌ល្អជាងគេផងដែរ៕