(កោះកុង)៖ រហូតមកដល់ពេលនេះ ក្រោយការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចាត់តាំងការងារពី ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា​ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ក្រុមការងារជំនាញបានខិតខំពុះពារឈានទៅដល់ការដោះស្រាយបញ្ចប់ បញ្ហាដីធ្លីដែលសឹងតែអាចនិយាយថា ជាជំងឺមហារីកមួយ នៅខេត្តកោះកុង និងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនស្ករអំពៅ ហើយមកទល់ពេលនេះ ដោះស្រាយ២៨គ្រួសារ ដោយក្នុងនោះខេត្តកោះកុងបាន១៧គ្រួសារ និងខេត្តព្រះវិហារបាន១១គ្រួសារ។

ការដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះ បានធ្វើឡើងនាអំឡុងពេលដែលទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបង្កើតក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លីចំនួន ២៧ក្រុម ដើម្បីចុះប្រមូលរឿង និងដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅទូទាំង២៥រាជធានី-ខេត្ត តាមដំណាក់កាលនីមួយៗ។

ទន្ទឹមនឹងដំណោះស្រាយ ដែលស្របតាមយុទ្ធសាស្ដ្ររបស់ សម្ដេចតេជោ ហ៊ុន សែន ក្រុមការងារជំនាញក៏បានដោះស្រាយបញ្ចប់បញ្ហា របស់ស្ដ្រីឈ្មោះ ផាវ ញើង រស់នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ដែលគេស្គាល់ទូទៅថា ជាអ្នកដឹកនាំបាតុកម្មតវ៉ាតាំងពីដើមមក នៅគ្រប់កន្លែងទាំងអស់ តែលូវ​ស្រីរូបនេះ ក៏បានយល់ព្រមជាអាជ្ញាធរ រហូតមកដល់បញ្ចប់បញ្ហាទាំងអស់នេះផងដែរ។

បន្ទាប់ពីទទួលបានយុត្តិធម៌ពីការដោះស្រាយបញ្ហាដីធ្លីនេះហើយ ប្រជាពលរដ្ឋចំនួន២៨គ្រួសារ បាន​ផ្ញើលិខិតថ្លែងអំណរគុណ​ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយក្នុងលិខិតដែលចេញពីឆន្ទៈពិតប្រាកដ របស់ប្រជាពលរដ្ឋនោះ បានបញ្ជាក់ថា ពួកគាត់ទទួលបានការដោះស្រាយវិវាទដោយយុត្តិធម៌។

សូមរំឭកថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦​កន្លងទៅ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបង្កើតក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លី ចំនួន២៧ក្រុម ដើម្បីចុះទៅដោះស្រាយជម្លោះដីធ្លីដែលបានកើតឡើង និងនៅសេសសល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សម្រាប់ក្រុមនីមួយៗ មានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាម្នាក់ជាប្រធាន ព្រមទាំងសមាជិក៣នាក់ ដែលជាមន្រ្តីនៅក្នុងក្រសួងដែនដីសរុប ១០៨នាក់៕