(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបរថយន្ដសាំយ៉ុង ដឹកឈើគ្មានច្បាប់អនុញ្ញាតចំនួន៥គ្រឿង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ នៅចំណុចភូមិចង្រ្គង់ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អ៊ឹម ចិត្រា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ប្រតិបត្តការបង្រ្គាបនេះ ដឹកនាំដោយលោក អ៊ួង សម្បិត្ត អភិបាលរងស្រុកចិត្របុរី ដែលមានកម្លាំងចូលរួមសហការពី ផ្នែករដ្ឋបាលព្រៃឈើក្រចេះ សង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ នគរបាលស្រុក ខេត្ត អាវុធហត្ថស្រុកចិត្របុរី បានដាក់បារាសឃាត់បានរថយន្ដសាំងយ៉ុងដឹកឈើវែងៗគ្មានច្បាប់អនុញ្ញាត ចំនួន៥គ្រឿង ដែលតែងតែបើកបរបង្កភាពភ័យខ្លាចដល់ពលរដ្ឋ ធ្វើដំណើរួមផ្លូវជាមួយនោះ។
យ៉ាងណាមិញ លោក អ៊ួង សម្បិត្ត អភិបាលរងស្រុកចិត្របុរី បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើង ក្រោយពីប្រជុំគណកម្មការខេត្ត បញ្ជាឲ្យចុះបង្ក្រាបបទល្មើសព្រៃឈើគ្រប់ស្រុក ទើបលោកដឹកនាំកម្លាំងចម្រុះ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅលើផ្លូវជាតិ ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ។
បន្ថែមពីនេះ លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ អះអាងថា រថយន្ដទាំង៥គ្រឿងនោះ ដឹកឈើប្រភេទលេខ២ ហើយកម្លាំងសមត្ថកិច្ចបង្ក្រាបបាន បាននាំយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីឲ្យម្ចាស់រថយន្ដចូលខ្លួនធ្វើការផាកពិន័យតាមច្បាប់ និងអប់រំពួកគាត់ធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការ ដឹកជញ្ជូនឈើល្មើសច្បាប់ទៀត៕