(ព្រះវិហារ)៖ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប លោក សំ លាងទ្រី បានប្រាប់ឲ្យប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផល លើកស្ទួយជីវភាពក្រុមគ្រួសារ ប្រសើរជាងជឿតាមពាក្យញុះញង់បោកប្រាស់ របស់ក្រុមបក្សប្រឆាំង ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ ដែលនាំឲ្យមានទុក្ខទោសដល់ខ្លួន និងក្រុមគ្រួសារ។
ការអំពាវនាវបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព ក្រុមការងារចុះជួយឃុំ ភូមិ របស់ឃុំសង្កែពីរ និងឃុំម្លូរព្រៃមួយ ស្រុកឆែប នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ។
លោក សំ លាងទ្រី បានលើកឡើងពីវិវឌ្ឍន៍ប្រែប្រួលនយោបាយក្នុង និងក្រៅប្រទេសមកជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យយល់ជ្រួតជ្រាប ពិសេសគឺបន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយលោកថា ការចាប់ខ្លួនលោក កឹម សុខា គឺមិនពាក់ព័ន្ធរឿងនយោបាយឡើយ គឺពាក់ព័ន្ធទោសក្បត់ជាតិ ដែលបានរៀបចំផែនការជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលករណីនេះមានប្រជាពលរដ្ឋមួយចំនួនតូច ពិសេសសកម្មជនគណបក្សសង្រ្គោះជាតិខ្លះ មានគំរោងធ្វើបាតុកម្មសុំដោះលែងលោក កឹម សុខា ត្រង់ចំណុចនេះលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលជាសកម្មជនបក្សប្រឆាំង សូមកុំជឿតាមការញុះញង់ការបោកប្រាស់ ទៅចូលរួមក្នុងសកម្មភាពខុសច្បាប់នេះ។
បន្ថែមពីនេះ លោក សំ លាងទ្រី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ក៏ដូចជាលោក មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ថ្នាក់កណ្តាលចុះជួយខេត្ត និងលោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ដែលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
លោកបន្តថា ខេត្តព្រះវិហារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍ឥតឈប់ឈរ បើប្រៀបធៀបកាលពីពេលមុន គឺខុសគ្នាឆ្ងាយណាស់ដែលកត្តានេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ។
លោក សំ លាងទ្រី បានបញ្ជាក់ថា ក្នុងនាមប្រធានក្រុមការងារចុះជួយស្រុកឆែប លោកប្តេជ្ញារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខនេះ ឲ្យទទួលបានជ័យជំនះដែលករណីនេះ លោកសូមឲ្យប្រជាពលរដ្ឋត្រូវចូលរួមគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យប្រទេសមានសន្តិភាព និងអភិវឌ្ឍន៍ជាបន្តទៅទៀត។
លោកបានផ្តាំផ្ញើឲ្យក្រុមការងារ ដែលបានប្រកាសតែងតាំងនៅពេលនេះ ត្រូវខិតខំបំពេញការងារឲ្យបានល្អ ត្រូវផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋឲ្យមានទំនុកចិត្ត មកលើគណបក្ស ត្រូវចងក្រងសៀវភៅសមាជិកបក្ស និងត្រួតពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត និងណែនាំឲ្យប្រជាពលរដ្ឋទៅចូលរួមចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះឲ្យបានគ្រប់ៗគ្នា៕