(កំពង់ធំ)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភាជាតិ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតការប្រណាំងទូក-ង នៅខេត្តកំពង់ធំ និងប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភី។ ពិធីនេះក៏មានការចូលរួមពី លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ដ្រីរាជការ ភ្ញៀវជាតិ អន្ដរជាតិ កងកម្លាំងប្រដាប់អាវុធជាច្រើនផងដែរ។
លោកបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា ការបង្ករភាពសប្បាយថ្ងៃនេះ ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីនៃកម្ពុជា ហើយការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិយើង។
លោកក៏បានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីជ្រើសរើសទូកងដែលមានល្បឿនលឿន និងមធ្យម សម្រាប់ទៅចូលរួមក្នុងពិធីប្រណាំងទូកង នៅថ្ងៃបុណ្យអុំទូក អកអំបុក បណ្តែតប្រទីត និងសំពះព្រះខែនៅថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ នៅរាជធានីភ្នំពេញ។
នៅក្នុងពិធីនេះដែរ លោកបណ្ឌិត ងួន ញ៉ិល បានផ្តល់រង្វាន់ជានិម្មិតរូបដល់ទូក-ង ប្រភេទខ្នាតអន្តរជាតិជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន៣ទូក, លេខ២ មានចំនួន៣ទូក និងលេខ៣ មានចំនួន២ទូក, ទូកងខ្នាតវែង ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន២ទូក, លេខ២ មានចំនួន២ទូក និងលេខ៣ មានចំនួន២ទូក ទូកមួងប្រភេទបុរស ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន១ទូក និងលេខ២ មានចំនួន១ទូក៕