(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ដែលមានមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី០៨តុលានេះ បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយគិតថ្លៃ ប្រមាណ៥០០នាក់ ដែលធ្វើឡើងនៅសាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង យ៉ាម៉ាប៊ីកូ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យព្រះកុសុមៈ បានថ្លែងថា «ក្រោមការដឹកនាំ និងណែនាំ ពីសំណាក់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្ងៃនេះ ក្រុមការងាររបស់យើង បានសហការជាមួយមន្ទីរពេទ្យកុមារជាតិ ចុះមកពិនិត្យ និងព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ ដោយឥតគិតថ្លៃ ក្នុងសង្កាត់ទឹកថ្លានេះ ដែលពិនិត្យជំងឺដូចជា៖
ជំងឺផ្នែក សម្ភពនិងរោគស្ត្រី ពិគ្រោះផ្នែកទឹកនោមផ្អែម ពិគ្រោះផ្នែកវះកាត់ ផ្នែករូបភាពវេជ្ជសាស្ត្រ ពិគ្រោះផ្នែកជម្ងឺទូទៅ និងជំងឺកុមារទូទៅ»។
លោកបន្ដថា បើសិនជា ជំងឺណាធ្ងន់ធ្ងរ នឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ តាមរថយន្ដសាមុយ ដែលបានយកប្រចាំការនៅទីតាំងនេះ ។លើសពីនេះទៀត ក្រុមការងារ នឹងបន្ដចុះមកព្យាបាលជំងឺដល់ប្រជាពលរដ្ឋ នៅខែក្រោយៗទៀត ដើម្បីលើកកម្ពស់ និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ឋ ឲ្យបានកាន់ប្រសើរបន្ថែមទៀត ។
លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ ក៏បានថ្លែងទៀតថា «សូមប្រជាពលរដ្ឋទាំងអស់ ដែលមានសុខភាពមិនល្អ ឬកើតជំងឺផ្សេងៗ សូមមកទទួល សេវាព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋយើងទាំងអស់ ដែលនៅជិតលោកអ្នក ព្រោះយើងជាគ្រួសារតែមួយទេ ឈឺស្កាត់អ្វីក៏ដោយ ក្រុមគ្រូពេទ្យរបស់យើង នឹងពិនិត្យព្យាបាលដោយយកចិត្ដទុកដាក់ជាទីបំផុត ដោយមិនទុក ប្រជាពលរដ្ឋយើងចោលទេ យើងនឹងមានការថែទាំត្រឹមត្រូវ តាមដានពិនិត្យសុខភាពជូន បងប្អូនយ៉ាងល្អបំផុត ជាមួយនឹងឧបករណ៍ទំនើបពិនិត្យ ជំងឺគ្រប់ប្រភេទ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង» ។
គួររម្លឹកថា សកម្មភាពរបស់ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ចុះពិនិត្យព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនេះ មិនមែនជាលើកទីមួយនោះទេ ហើយសកម្មភាពនេះ បានចុះពិនិត្យស្ទើរគ្រប់ទីកន្លែង នៅរាជធានីភ្នំពេញ ពិសេស កម្មករកម្មការិនី ដើម្បីបង្កភាពងាយស្រួល និងកាន់បន្ថយការលំបាកមួយកម្រិតផងដែរ៕