(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូសមាគមមិត្តភាព នៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំសមាគមមិត្តភាព វៀតណាម-កម្ពុជា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងថា ដំណើរចូលរួមក្នុងកិច្ចប្រជុំសមាគមមិត្តភាពកម្ពុជា-វៀតណាមនាពេលនេះ គឺដើម្បីអបអរសាទរខួបលើទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកស្រីបន្តថា តាមរយៈសមាគមនេះ ក៏ជាស្ពានក្នុងការភ្ជាប់ចំណងទាក់ទងនៃប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។

លោកស្រី បានបន្ថែមទៀតថា តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺត្រូវខិតខំពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ឈរលើផលប្រយោជន៍ នៃប្រទេសទាំងពីររបស់ក្រុមមិត្តភាពនេះ ត្រូវធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយគ្នា។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្ដថា ត្រូវធ្វើឲ្យប្រសើរឡើងនូវសហប្រតិបត្តិការទាំងក្នុងវិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឲ្យប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អ និងឆ្លើយតបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំ នៃប្រទេសយើងទាំងពីរ៕