(ភ្នំពេញ)៖ ការប្រកួតអន្តរជាតិដែលមានឈ្មោះថា «ការប្រកួតលក្ខណៈអន្តរជាតិ ដណ្តើមខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំង គោជល់ទម្ងន់ត្រឹម ៦៩គីឡូក្រាម វគ្គ៨» ផ្សាយផ្ទាល់ពីសង្វៀន ឫស្សីកែវលើទូរទស្សន៍ CNC ដែលអ្នកប្រដាល់ឆ្នើមលំដាប់ជួរមុខកម្ពុជា ៤ រូបមាន រឿង សោភ័ណ្ឌ  សរ រាជសីហ៍ ឡុង សុវណ្ណាឌឿន និងផុន ផាន់ណា ព្រមទាំងអ្នកប្រដាល់ ថៃចំនួន៤ជួបគ្នានៅលើសង្វៀន CNC ។

ទូរទស្សន៍ CNC បានសហការជាមួយសហព័ន្ធកីឡាក្បាច់បុរាណខ្មែរក្រោមការឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំងគោជល់នាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧បានធ្វើសន្តិសីទសារព័ត៌មានប្រកាសជាផ្លូវការនៅការប្រកួត «កំពូលអ្នកប្រដាល់ជើងឯកគោជល់ទម្ងន់ត្រឹម ៦៩គីឡូក្រាម វគ្គ៨» ដោយអញ្ជើញចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាក្បាច់បុរាណខ្មែរ លោក ហួរ រតនៈ ប្រធានទីផ្សារស្ថានីយទូរទស្សន៍ CNC និងលោក មាស សំអុល នាយកចាត់ការទូទៅភេសជ្ជៈប៉ូវកម្លាំងគោជល់នៅកម្ពុជា។

លោក ហួរ រតនៈ បានប្រាប់ឲ្យដឹងថា ការលក្ខណៈអន្តរជាតិដើម្បីដណ្តើមខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំងគោជល់ទម្ងន់ត្រឹម ៦៩គីឡូក្រាមវគ្គ៨នេះ មានគោលបំណងចង់លើក កម្ពស់ការប្រកួតឲ្យប្រសើរជាងមុន ដើម្បីដណ្តើមទីផ្សារ និងស្វែងរកការគាំទ្រ ពីមហាជនក៏ដោយ ក៏អ្នកគ្រប់គ្រងការប្រកួត ត្រូវបានរៀបចំជាលក្ខណៈ អន្តរជាតិដើម្បីដណ្តើមខ្សែ ក្រវាត់ភេសជ្ជៈប៉ូវកម្លាំងគោជល់នេះ។

ការប្រកួតខ្សែក្រវាត់គោជល់នេះដោយមានកីឡាករកម្ពុជានិងកីឡាករថៃ រាល់ល្ងាចថ្ងៃសៅរ៍ គឺមានគោលបំណងលើក ស្ទួយវិស័យកីឡានៅកម្ពុជា ។

លោកបន្តថា ការប្រកួតក្បាច់បុរាណខ្មែរ របស់យើងនិងអ្នកប្រដាល់មួយថៃពិតគឺកំពុងនាំមកនូវ ព្រឹត្តិការណ៍ប្រកួតដ៏ទាក់ទាញ និងមានការចូលរួមទស្សនា យ៉ាងច្រើនជាងលើកមុនៗ ហើយតម្លៃខ្លួនប្រកួតរបស់កីឡាករ និងប្រាក់រង្វាន់ត្រូវបានបង្កើន ឲ្យបានខ្ពស់ជាងលើកមុនដែរ។ លោកបានថ្លែងថា នេះជាទស្សនវិស័យនៃ ការស្វែងរកទីផ្សារ និងការដឹកនាំឲ្យទទួល បានជោគជ័យរបស់ CNC ដែលជាទូរទស្សន៍លំដាប់ឈានមុខ។

ដោយឡែកលោក មាស សំអុល បានមានប្រសាសន៍ថា ការឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំងគោជល់ «កំពូលអ្នកប្រដាល់ជើងឯក គោជល់ទម្ងន់ត្រឹម ៦៩គីឡូក្រាម វគ្គ៨»នេះ ជាមួយការតំាងចិត្តជួយពង្រឹងវិស័យប្រដាល់គុនខ្មែរនៅកម្ពុជា។ ការផ្តួចផ្តើមរបស់គោជល់នេះមិនត្រឹមតែនាំមកជូនទស្សនិកជននូវការប្រកួតល្អរបស់កីឡាករជើងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសបន្ថែមទៀតដល់កីឡាករក្នុងប្រភេទផ្សេងៗឲ្យបានទទួលបទពិសោធន៍ក្នុងការប្រកួតជាមួយកីឡាករជើងខ្លាំងបរទេស។

ទន្ទឹងនឹងនេះលោក សូមសំណូមពរជាបន្ថែមទៀតឲ្យប្រធានសហព័ន្ធមេត្តាផ្តល់កីឡាករល្អៗមកប្រកួតនៅទីនេះ ដើម្បីឲ្យវិស័យប្រដាល់គុនខ្មែរកាន់តែផ្សព្វផ្សាយមុខមាត់នៅលើឆាកអន្តរជាតិ៕