(ភ្នំពេញ)៖ ប្រសិនបើមានលទ្ធភាពយុវជនកម្ពុជា គួរតែសន្សំលុយទិញផ្ទះ ឬដីសម្រាប់សង់លំនៅឋាន នៅឯជាយក្រុងនាពេលបច្ចុប្បន្ន កុំចាំដល់មានលុយគ្រប់ទើបទិញ ព្រោះថាវិស័យអចលនវត្ថុនឹងឡើងថ្លៃទៅតាមរដូវការ និងពេលវេលា នេះបើតាមការឲ្យដឹង ពីអ្នកជំនាញវិស័យដីធ្លី លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
លោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងថា «ប្រសិនបើមានលទ្ធភាព ខ្ញុំស្នើឲ្យយុវជនកម្ពុជា គួរតែទិញផ្ទះនៅជាយក្រុងត្រឹមចំងាយ២០-៣០គីឡូពីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ព្រោះថាបើទិញនៅពេលនេះ តម្លៃអចលនវត្ថុក៏ស្រមស្របអាចទទួលយកបាន ប៉ុន្ដែប្រសិនបើយុវជនទាំងអស់ រង់ចាំសន្សំលុយគ្រប់នោះវិស័យអចលនវត្ថុនឹងឡើងថ្លៃដូចគ្នា...។ នៅក្នុងប្រទេសណាក៏ដោយយុវជន ដែលធ្វើការពឹងលើប្រាក់ខែ គឺមិនអាចសន្សំយកប្រាក់ខែនេះ ទៅទិញផ្ទះនៅកណ្ដាលទីក្រុងបានឡើយ ព្រោះថាអចលនវត្ថុ នៅកណ្ដាលក្រុងមានតម្លៃថ្លៃខ្លាំង ដូច្នេះគួរសម្លឹងមើលដីជាយក្រុង នៅប៉ុន្មានឆ្នាំទៅមុខដីនោះ នឹងនៅកណ្តាលក្រុងវិញ ព្រោះក្រុងចេះតែរីកធំពីមួយឆ្នាំទៅមួយឆ្នាំ»។
លោកបានបញ្ជក់ទៀតថា ១០ឆ្នាំទៅមុខទៀតតំបន់ដែលនៅម្ដុំកប់ស្រូវ, តាខ្មៅ, កៀនស្វាយ និងព្រែកលៀប អាចសន្និដ្ឋានបានថា វានឹងនៅកណ្ដាលទីក្រុងភ្នំពេញវិញហើយ ដូច្នេះយុវជនគួរតែសម្លឹងមើល តំបន់ជើង, ត្បូង, លិច, កើត តើតំបន់ណាដែលពេញចិត្ត គួរតែទិញយក ទោះបីជាតំបន់ទាំងនោះមានការអភិវឌ្ឍន៍ខុសៗគ្នាក្ដី បើមានលទ្ធភាពគួរតែទិញ១ ឬ២តំបន់ ទិញតាមរយៈការបង់រំលោះ ឬតាមធនាគារ គួរតែទិញឲ្យហើយកុំចាំមានលុយគ្រប់ ព្រោះបើចាំមានលុយគ្រប់គ្រាន់ តម្លៃដីធ្លីផ្ទះនឹងឡើងថ្លៃ១គុណជា៣។
លោកបន្តថា បច្ចុប្បន្នច្បាប់ពុះដីឡូត៍នៅកម្ពុជាមិនទាន់មាននោះឡើយ ដូច្នេះអ្នកណាក៏អាចពុះដីឡូត៍លក់បានដែរ គ្រាន់តែសូមច្បាប់សង្កាត់, ខណ្ឌ, ឬស្រុក ប៉ុន្ដែអ្វីដែលសំខាន់ គឺប្លង់រឹង ប្រសិនបើគម្រោងមួយមានប្លង់រឹង ពេលដែលលក់ចេញ សូមផ្ទេរប្លង់រឹងឲ្យអ្នកទិញជាការស្រេច ដើម្បីការពារហានិភ័យផ្សេងៗ។
លោកបានបន្ថែមទៀតថា «អ្វីដែលខ្ញុំបារម្ភជាគេ គឺប្លង់រឹងនៃការសាងសង់ តើគួរតែរត់ការប្លង់រឹងបែបណា? មានន័យថា ប្រសិនបើបុរី ឬខុនដូរមានប្លង់រឹង ពេលដែលរត់ការត្រូវរត់ការប្លង់រឹងឲ្យអ្នកទិញ... នៅពេលដែលទិញអចលនវត្ថុ ត្រូវធ្វើយ៉ាងណាស្នើផ្ទេរប្លង់រឹងមកឲ្យខ្លួន។ ប្លង់រឹងគឺជាអាយុជីវិតនៃអចលនទ្រព្យ បើបងប្អូនយុវជន ឬអ្នកទើបទិញផ្ទះ ទិញដី លើកដំបូង ត្រូវការចាំបាច់បំផុតស្នើសូមប្លង់រឹងពីអ្នកលក់ ប្រសិនបើផ្ទេរប្លង់រឹងបាននោះអាចពិចារណបានគួរតែទិញដោយមិនមានការរង់ចាំ»៕
{IfMobile}
{ElseMobile}
{EndIfMobile}