(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំកិច្ចប្រជុំដាក់ផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសនៃព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ នៅទីបញ្ជាការដ្ឋានកងអង្គរក្ស។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានដាក់បទបញ្ជាដល់នាយទាហាន និងពលទាហាននៃបញ្ជាការដ្ឋានកងអង្គរក្សទាំងអស់ ត្រូវអនុវត្តន៍តាមការងារ ទទួលខុសត្រូវតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដោយត្រូវសហការឲ្យបានល្អជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាល និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលមកកម្សាន្តក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ឲ្យបានល្អប្រសើរ។

សូមជម្រាបថា ព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ៕