(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីនំពេញ លោក ឌុច សុខសារិន នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យឈ្មោះ ប្លុង ពិសិដ្ឋ អនុប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន រងចាំសនវការជំនុំជម្រះពេលក្រោយ ក្រោមបទចោទ «ហិង្សារដោយចេតនា»។
ជនជាប់ចោទរូបនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីសាកសួរករណីប៉ុនប៉ងសម្លាប់ស្ត្រីម្នាក់បំបិទមាត់ ដោយសារតែការជំពាក់បំណុលមិនព្រមសងចំនួន ២៥,០០០ដុល្លារអាមេរិក ហើយក្រោយការសាកសួរនឹងចោទប្រកាន់ពីតំណាងអយ្យការ ពីបទហិង្សារដោយចេតនា នៃក្រមព្រហ្មទណ្ឌ ហើយចៅក្រមសាកសួរសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួន។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ប្លុង ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ និងលេខ១២ ក្នុងបុរីពិភពថ្មី សែនសុខ ផ្លូវលេខ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខចំណែកបក្ខពួកជនដៃដល់ ២នាក់ទៀត បានរត់គេចខ្លួនបាត់ ក្រោយពីប្រព្រឹត្តអំពើព្រៃផ្សៃលើជនរងគ្រោះជានារីភេទរួចមក។
តាមរយៈវីដេអូឃ្លីបរយៈពេល១នាទី និង៤១វិនាទី នៅកន្លែងកើតហេតុ បានបង្ហាញនូវសកម្មភាពរបស់ក្រុមជនដៃដល់ វាយតប់បោចសក់ទាត់ធាក់ បោកជនរងគ្រោះផ្ទប់ និងឥដ្ឋការ៉ូ ច្របាច់កយ៉ាងព្រៃផ្សៃគ្មានក្ដីមេត្តាអ្វីបន្តិចសោះ កុំតែបានម្ចាស់ហាង និងសន្តិសុខបុរីមកជួយទាន់ពេលវេលា កុំអីស្ត្រីរងគ្រោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។
ទង្វើរបស់ក្រុមជនដៃដល់ធ្វើមកលើជនរងគ្រោះ បានកើតឡើងតាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ នៅក្នុងភោជនីដ្ឋានមួយទល់មុខបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចនគរបាល និងព្រះរាជអាជ្ញាអមតុលាការ ទើបព្រះរាជអាជ្ញាបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ យកមកអនុវត្តតាមច្បាប់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ត្រូវគេវាយប៉ុនប៉ងសម្លាប់ ដើម្បីបំបិទមាត់ដោយសារតែជនដៃដល់ជំពាក់ប្រាក់ នោះឈ្មោះ ស រ ភេទស្រី អាយុ២៨ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុជនដៃដល់ឈ្មោះ ប្លុង ពិសិដ្ឋ ដែលជាអ្នកជំពាក់ប្រាក់ជនរងគ្រោះ បានណាត់ជនរងគ្រោះឲ្យចេញមក ក្រៅដើម្បីនិយាយគ្នាដោយឈ្មោះ ប្លុង ពិសិដ្ឋ បើករថយន្តម៉ាកម៉ាស្ដាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-4800 ទៅដឹកជនរងគ្រោះនៅផ្សារស៊ីឡឹប ហើយបើកទៅសង្កាត់ភ្នំពេញថ្មី ដឹកមិត្តភក្តិឈ្មោះ គង់ ស្រ៊ីន យកទៅភោជនីដ្ឋានមួយនៅទល់មុខបុរីអង្គរភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅពេលទៅដល់ មិនទាន់បាននិយាយគ្នារឿងលុយជំពាក់ទេ ជនរងគ្រោះក៏បានសុំឈ្មោះ ប្លុង ពិសិដ្ឋ មកផ្ទះមួយភ្លែតដោយសារមានធុរៈបន្ទាន់។ លុះដល់ម៉ោងប្រមាណ ៩៖២០នាទីយប់ ទើបជនរងគ្រោះត្រឡប់ទៅវិញ ក៏ឃើញឈ្មោះ ប្លុង ពិសិដ្ឋ ឈ្មោះ គង់ ស្រ៊ីន និងបក្ខពួកម្នាក់ទៀតឈ្មោះ ខៀវ នៅអង្គុយចាំដដែល។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ពេលជនរងគ្រោះត្រឡប់មកវិញ មិនទាន់បានអង្គុយចុះផង ស្រាប់តែឈ្មោះ ប្លុង ពិដិដ្ឋ ស្ទុះមកវាយជនរងគ្រោះ កណ្ដាលមុខបណ្ដាលឲ្យដួលខ្ពោក ហើយបន្តវាយបោចសក់ ចាប់បោកផ្ទប់និងតុ បោកផ្ទប់និងឥដ្ឋការ៉ូ ចាប់ច្របាច់កជនរងគ្រោះបំណងសម្លាប់ចោល បណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញហាង។ ឃើញសកម្មភាពព្រៃផ្សៃដូច្នេះ ម្ចាស់ហាង និងអ្នករត់តុបានចូលទៅជួយអន្តរាគមន៍ ទើបក្រុមជនដៃដល់រត់គេចខ្លួនពីកន្លែងកើតហេតុបាត់អស់ទៅ លុះដល់ថ្ងៃទី០៧ ខែកញ្ញា ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យជួយរកយុត្តិធម៌។
មហាជនដែលបានមើលឃើញវីដេអូឃ្លីប ស្ដីពីសកម្មភាពព្រៃផ្សៃរបស់ក្រុមជនដៃដល់ទៅលើ ជនរងគ្រោះជានារីភេទកំពុងរងចាំមើលចំណាត់ការរបស់សមត្ថកិច្ច និងតុលាការចំពោះក្រុមជនដៃដល់នេះយ៉ាងយកចិត្តទុកដាក់ ដោយសារតែក្រោយសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ឈ្មោះ ប្លុង ពិដិដ្ឋ មានតួនាទីជាអនុប្រធាននាយកដ្ឋានរួចមក មានមន្ត្រីមួយចំនួនធ្វើអន្តរាគមន៍ ឲ្យមានការសម្របសម្រួល ប៉ុន្តែខាងសមត្ថកិច្ចដែលអនុវត្តច្បាប់មិនយល់ព្រមចំពោះទង្វើព្រៃផ្សៃនោះទេ ហើយដាច់ខាតត្រូវតែបញ្ជូនជនដៃដល់ទៅតុលាការអនុវត្តតាមនីតិវិធី ទុកជាមេរៀនឲ្យជនដទៃទៀតកុំយកគំរូតាម៕