(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធពិធីប្រណាំងទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច ក្នុងឱកាសអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា នៅដងស្ទឹងសែន នារសៀលថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។
ពិធីនេះក៏មានការចូលរួមជាភ្ញៀវកិត្តិយស លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាជាតិ ព្រមទំាងថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរស្ថាប័នរដ្ឋ ឯកជននានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កីឡាក កីឡាកានី ប្រមាណ ១,៣៣៩នាក់ និងកីឡាករបម្រុង មានចំនួន៣០៩នាក់ មានទូកចំនួន៤៦ទូក ស្មើនឹង២៣គូរ និងភ្ញៀវជាតិ-អន្តរជាតិ ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។
លោក សុខ លូ បានលើកឡើងថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិយើង។
ជាមួយគ្នានោះ លោកបានស្វាគមន៍ទៅកាន់អង្គពិធី និងបានថ្លែងអំណរគុណ ដល់ក្រុមការងារទាំងអស់ ដែលបានខិតខំរៀបចំពិធីនេះ ឡើងនាពេលនេះ ដើម្បីអបអរសាទរពិធីប្រណាំងទូកថ្នាក់ខេត្តនេះ ក្នុងគោលបំណងដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេស ដើម្បីជ្រើសរើសទូកងដែលមានល្បឿនលឿន និងមធ្យមសម្រាប់ទៅចូលរួមក្នុងពិធីប្រណាំងទូកង នៅថ្ងៃបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនៅថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ នៅរាជធានីភ្នំពេញ។
បន្ទាប់ពីគណៈអធិបតីបានប្រកាសហើយ ក្រុមកីឡាក កីឡាកានីទូកទាំងអស់ បានចូលប្រកួតបន្ទាប់ពីគណៈកម្មការបច្ចេកទេសអុំទូកខេត្ត បានរៀបតាមគូរប្រកួត ដែលបានគ្រោងទុកស្រាប់ និងមានការដាក់តាំងពិពរណ៌ផលិតផលជាច្រើន នៅពេលយប់ក៏មានបាញ់កាំជ្រួច បណ្តែតប្រទីប ប្រគំតន្ត្រី ចំនួន២កន្លែងផងដែរ៕