(ភ្នំពេញ)៖ សហភាពពលកម្មជាតិកម្ពុជា ហៅកាត់ថា NLC ដែលតំណាងកម្មករជិត១០ម៉ឺននាក់ ចេញសេចក្ដីថ្លែងការណ៍គាំទ្រ ចំពោះការតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ ដល់១៧០ដុល្លារ ជូនកម្មករនិយោជិតវិស័យវានភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
តាមសេចក្ដីថ្លែងការណ៍ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះបានបញ្ជាក់យ៉ាងដូច្នេះថា «សហភាព ពលកម្មជាតិកម្ពុជា ដែលកំពុងធ្វើការយ៉ាងសកម្មក្នុងការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត ប្រជាពលរដ្ឋនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងគ្រប់វិស័យ សូមស្វាគមន៍ និងគាំទ្រដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ធ្វើការសាកល្បងចំនួន១៦៥ដុល្លារ ក្នុងមួយខែ និងកម្មករពេញសិទ្ធិ១៧០ដុល្លារ ក្នុងមួយខែដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះតទៅ...សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។
សូមបញ្ជាក់ថា គណៈកម្មការប្រឹក្សាការងារនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ និយោជិតផ្នែកវាយណភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨ខាងមុខនេះ ពី១៥៣ដុល្លារ ដល់១៧០ដុល្លារ ដោយចាប់អនុវត្តចាប់ពីខែមករាឆ្នាំ២០១៨។
សម្រាប់ កម្មករ និយោជិតផ្នែកវាយណភណ្ឌកាត់ដេរនិងផលិតស្បែកជើង នឹងទទួលប្រាក់ខែអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗពី១៨៧ដុល្លារ ដល់១៩៨ដុលា្លរ ដែលជាផ្នែកមួយជួយសម្រួលដល់ជីវភាព របស់កម្មករកាន់តែប្រសើរឡើង៕