(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បានធ្វើការស្នើសុំទៅផ្នែករដ្ឋបាលព្រៃឈើខេត្ត គួរតែមានវិធានការ បង្រ្កាបលើសកម្មភាពដឹកជញ្ជូនឈើប្រភេទគ្រឿងផ្ទះ (ឈើវែងៗ) តាមរថយន្ដសាំងយ៉ុងពេលថ្ងៃ នៅតែបន្ដកើតមានយ៉ាងអនាធិបតេយ្យ នៅក្នុងទឹកដី ខេត្តក្រចេះ ដែលគេសង្កេតឃើញថា ការបង្ក្រាបរបស់សមត្ថកិច្ចជំនាញធ្វើការបង្ក្រាបនៅមានកំរិតនៅឡើយ។
បើតាមប្រភពព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ ឲ្យដឹងថា រថយន្ដទាំងនោះ ដឹកឈើចេញពីប៉ែកខាងលើ នៃទឹកខេត្តក្រចេះ ដោយដឹកឆ្ពោះទៅ ខេត្តត្បូងឃ្មុំ និង ខេត្តព្រៃវែង។ ដោយពួកគេបើកបរ ក្នុងល្បឿនយ៉ាងលឿន ហើយបើកប្រជែងគ្នាទៅវិញទៅមក ដែលងាយ និងបង្កភាពគ្រោះថ្នាក់ ដល់អ្នករួមដំណើរតាមដងផ្លូវជាមួយគ្នា។
ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បានស្នើឲ្យលោកនាយផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏ដូចជាសមត្ថកិច្ចផ្សេងៗទៀត គួរតែរួមគ្នាបង្ក្រាបរថយន្ដសាំយ៉ុងដឹកឈើ ដែលបើកបរបង្កភាពភ័យខ្លាច ដល់ពលរដ្ឋធ្វើតាមដងផ្លូវ បើនៅតែបណ្ដោយឲ្យពួកក្រុមរថយន្ដទាំងនោះ នៅតែបន្ដបើកបរ ក្នុងល្បឿងយ៉ាងលឿន និងដឹកឈើវែងៗចេញមកក្រោយរបៀបនេះគ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកើនឡើងជារៀងរហូត៕