(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង (គ.អ.ច.ទ) បានប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាល «បដិសណ្ឋាកិច្ច ផ្នែកសេវាកម្មភ្ញៀវទេសចរ» ជូនដល់មន្ត្រី សមត្ថកិច្ច បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA CAMs បម្រើការងារនៅច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ចំនួន២៤០នាក់ (ស្ដ្រី២៣នាក់) នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧។

លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា យោងតាមស្មារតីកិច្ចប្រជុំពេញអង្គលើកទី៣ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស (គ.អ.ច.ទ) កាលពីខែមីនា ឆ្នាំនេះ នៅខេត្តសៀមរាប និងដោយមានការណែនាំរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវែស៍ វគ្គបណ្ដុះបណ្ដាលស្ដីពី «បដិសណ្ឋាកិច្ច ផ្នែកសេវាកម្មភ្ញៀវទេសចរ» ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង សហការជាមួយនាយកដ្ឋានសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ នាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន ដោយមានសិក្ខាកាមចូលរួមជាមន្ត្រី សមត្ថកិច្ច និងបុគ្គលិក SCA-CAMs បានចំនួន២៤០នាក់ សម្រាប់៤វគ្គ ក្នុងរយៈពេល៤ថ្ងៃ បន្តបន្ទាប់គ្នាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។

លោកបញ្ជាក់ថា «វគ្គបណ្ដុះបណ្ដាលនូវមុខជំនាញនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមធ្វើបដិសណ្ឋាកិច្ច និងសេវាកម្មភ្ញៀវទេសចរ សម្រាប់ប្រតិភូជាន់ខ្ពស់កម្ពុជា ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលកន្លងមក ក៏ដូចជា បច្ចុប្បន្នខេត្តសៀមរាប តែងតែទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលលក្ខណៈអន្តរជាតិ ព្រមទាំងការរៀបចំជាព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើនថែមទៀត ផងដែរ ដែលតម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រី សមត្ថកិច្ច បុគ្គលិក មានចំណេះដឹង និងប្រតិបត្តិកាន់តែល្អប្រសើរបន្ថែមទៀត លើកិច្ចការបដិសណ្ឋាកិច្ច ការផ្ដល់សេវាកម្មជូនភ្ញៀវទេសចរ ប្រកបដោយប្រសិទ្ធិភាពខ្ពស់»។

លោករដ្ឋមន្ត្រី បានថ្លែងនាឱកាស់ប្រគល់សញ្ញាប័ត្រនោះថា «ដើម្បីបង្កើនការយល់ដឹងបន្ថែម ក្នុងការធ្វើបដិសណ្ឋាកិច្ច ស្វាគមន៍ រួសរាយ រាក់ទាក់ ចំពោះ ភ្ញៀវទេសចរ នៅតាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិខេត្តសៀមរាប ដែលជាច្រកផ្លូវអាកាសមួយយ់ាងសំខាន់ នៃកម្ពុជា និងចូលរួមប្រឡងប្រណាំង «ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋាកិច្ចល្អ» ដែលកន្លងទៅនេះ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ធ្លាប់បានទទួលពានរង្វាន់ប្រឡងប្រណាំងបដិសណ្ឋាកិច្ចល្អ របស់ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារអន្តរជាតិទូទាំងប្រទេសផងដែរ»

លោកបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ទេសចរណ៍ គឺជាឧស្សាហកម្មនាំចេញធំជាងគេបំផុតទី៣ ក្នុងពិភពលោក បន្ទាប់ពីឧស្សាហកម្មគីមី និងប្រេង។ ទេសចរណ៍នាំមកនូវក្ដីសង្ឃឹម ភាពសម្បូរសប្បាយ និងការយោគយល់រវាងមនុស្ស និងមនុស្សនៅលើពិភពលោក។ ជាក់ស្ដែងយោងតាមអង្គការទេសចរណ៍ពិភពលោក នៅឆ្នាំ២០១៦ មានអ្នកដំណើរប្រមាណ១.២៣៥លាននាក់ ដែលបានធ្វើដំណើរឆ្លងកាត់ ព្រំដែនអន្តរជាតិ ហើយចំនួននេះ នឹងមានការកើនឡើងរហូតដល់ជាង១.៨០០លាននាក់នៅមុនឆ្នាំ២០៣០។

លោករដ្ឋមន្រ្តីបានបន្តទៀតថា «ដើម្បីសម្រេចបាននូវកណើនភ្ញៀវទេសចរណ៍១.៨០០លាននាក់នេះ យើងត្រូវផ្ដោតលើយន្តការចូលរួម ធ្វើឲ្យពិភពលោកក្លាយជាកន្លែងដែលកាន់តែប្រសើរឡើង និងឈានទៅរកការអភិវឌ្ឍប្រកបដោយនិរន្ធរភាពលើគ្រប់សរសរគ្រឹះទាំង៥ រួមមាន៖ ១) សេដ្ឋកិច្ច គឺការធ្វើឲ្យសេដ្ឋកិច្ចមានភាពរីកចម្រើន ២) សង្គមនាំមកនូវការសមរម្យ និងផ្ដល់អំណាចដល់សហគមន៍ ៣) បរិស្ថាន ការអភិរក្ស និងជួយសម្រាប់ការទ្ររទ្រុងដល់បរិស្ថាន និងការទប់ស្កាត់នូវបម្រែបម្រួលអាកាសធាតុ ៤) វប្បធម៌ ការអបអរសាទរ និងការអភិរក្សភាពចម្រុះ អន្តសញ្ញាននិងវប្បធម៌អបិយ និងអរូបិត ៥) សន្តិភាព ជាតម្រូវការចាំបាច់ជាមុនមួយសម្រាប់ការអភិវឌ្ឍ និងរីកចម្រើន»

លោកបានបន្ថែមឲ្យដឹងថា ក្នុងបរិបទកម្ពុជា ការរីកចម្រើននៃវិស័យទេសចរណ៍ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមួលដ្ឋានសម្រាប់ធានាចិរភាព នៃកំណើនវិស័យទេសចរណ៍។ ជាក់ស្ដែងនៅឆ្នាំ២០១៦ យើងសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង ៥លាននាក់ និងនាំចំណូលប្រមាណ ៣៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ ។ ហើយក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៧ កម្ពុជាទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន៣.៥៣៦.៥៣០នាក់ កើនឡើង១១,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។

តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរណ៍អន្តរជាតិប្រមាណ៥,៤លាននាក់នៅឆ្នាំ២០១៧ និងប្រមាណ៧លាននាក់ នៅឆ្នាំ២០១០ និងនាំចំណូលសរុបប្រមាណ៥ពាន់លានដុល្លារអាមេរិក ហើយបង្កើននូវឱកាស់ការងារបានប្រមាណ១លាននាក់ផងដែរ។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ចេញផ្សាយឆ្នាំ២០១៦ បានបង្ហាញថា កម្ពុជា បង្កើតបានការងារដោយផ្ទាល់ និងប្រយោលប្រមាណ ២,៣លាននាក់ ពីឧស្សាហកម្មធ្វើរដំណើរ និងទេសចរណ៍ ដោយឡែកការងារដោយផ្ទាល់ពីឧស្សាហកម្មទាំងពីរនេះប្រមាណ ១,២លាននាក់ ស្មើនឹង ១៤% នៃការងារសរុបនិងបង្កើតឱកាសការងារក្នុង ឧស្សាហកម្មទេសចរណ៍ ដោយផ្ទាល់ប្រមាណ៦២ម៉ឺននាក់។

ជម្រាបជូនអង្គពិធីទាំមមូលនោះដែរ រដ្ឋមន្ត្រី បានលើកឡើងថា «បដិសណ្ឋាកិច្ច» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ចូលក្នុងរបៀបវារៈថ្នាក់ជាតិ ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋរកិច្ចល្អ» សម្រាប់ធ្វើការប្រឡងប្រណាំងទូទាំងប្រទេស ។ ផ្ដើមចេញពីចំណេះដឹង ដែលបានទទួលក្នុងឱកាសនេះ វាពិតជាអាចបញ្ច្រាបការយល់ដឹងដល់សិក្ខាកាម ហើយបន្តបញ្ជូនចំណេះដឹងទាំងនេះ ចែករំលែកជូនដល់ស្ថាប័ន អង្គភាព របស់ខ្លួនឲ្យកាន់តែទូលំទួលាយ និងយល់ជ្រួតជ្រាបបន្ថែមទៀត ផងដែរ៕