(ភ្នំពេញ)៖ បើយើងសង្កេតមើលភាពយន្ត​ កំប្លែងខ្មែរកន្លងមក ច្រើនប្រើតួកំប្លែង ដើម្បីទាញអារម្មណ៍ទស្សនិកជន សើចសប្បាយ។ ចុងខែតុលានេះ ក្រុមហ៊ុន «ពូព្រហ្ម» នឹងនាំចំណីអារម្មណ៍កម្សាន្ត ក្អាកក្អាយថ្មី ក្រោមចំណងជើងថា «ផ្អើលភូមិ»។ រឿងកំប្លែងបែបរន្ធត់ថ្មីនេះ​ នឹងចាក់បញ្ចាំង នៅគ្រប់រោងភាពយន្តទំនើបៗនានា ចាប់ពីថ្ងៃទី​២៧ តុលា ២០១៧នេះ តទៅហើយ។ នេះជាវណ្ណកម្មថ្មី របស់ផលិតកម្ម «រស្មីតាន់តាន់» ដោយធ្លាប់ជោគជ័យ ក្នុងរឿងជាច្រើនដូចជារឿង «អង្គរក្សស្រី»។

លោក ស៊ុ ស៊ីថែន អ្នកចាត់ការទូទៅ របស់ក្រុមហ៊ុន «ពូព្រហ្ម» ​បញ្ជាក់ថា «ផ្អើលភូមិ» ពិតជាបង្អើលអារម្មណ៍ទស្សនិកជន តាមរោងភាពយន្ត ឲ្យរន្ធត់ តែស្រាកស្រានចិត្ត និងហួសចិត្ត​ទៅតាមសាច់រឿង និងតួសម្តែង។

លើសពីនេះ «ពូព្រហ្ម» ក៏បានបង្ហើបថា ដោយសារភាពយន្តនេះ មានចំណុចទាក់ទាញខ្លាំង ជាងរឿងក្នុងស្រុកផ្សេងទៀត ក្រុមហ៊ុននឹងពង្រីកការចែកចាយរបស់ខ្លួន ក្រៅពីរោងភាពយន្តទំនើប ទាំងអស់នៅភ្នំពេញ និងសៀមរាបទៅដល់២តំបន់ទៀត គឺខេត្តបន្ទាយមានជ័យ និងប៉ោយប៉ែត។ រីឯផលិតកម្ម ក៏នឹងចាក់បញ្ចាំង «ផ្អើលភូមិ» នៅខេត្តបាត់ដំបង កំពង់សោម កោះកុង ក្នុងពេលជាមួយគ្នានេះផងដែរ។

អ្វីដែលពិសេស គឺភាពយន្តខ្មែរមួយនេះ រំលេចតារាសម្តែងល្បីៗដូចជា​ លោក ខាត់ វ៉ៃហាំង, កញ្ញា ស៊ិន សក្កដា, នាយ ភី ម៉ៃ, នាយ សាយ ចៃ, កញ្ញា ឆុំ វីកាន់ណាដា, លោក ប៉េង វុទ្ធី តារាប្រដាល់ អេ ភូថង និងតារាល្បីៗជាច្រើនទៀត។​

​សូមបញ្ជាក់ថា «ពូព្រហ្ម អ៊ិនធើធេនម៉ិន» ពូព្រហ្ម អ៊ិនធើធេនម៉ិន (PuPrum Entertainment) ជាក្រុមហ៊ុនរួមសម្ព័ន្ធរវាង ក្រុមហ៊ុន ចែកចាយភាពយន្តធំៗ២ គឺ SABAY DIGITAL CORPORATION និង WESTEC MEDIA LIMITED។ ក្រុមហ៊ុនមានភារៈ ចែកចាយភាពយន្តដែលផលិត​នៅកម្ពុជា និងជាក្រុមហ៊ុន ដែលផ្តល់អជ្ញាប័ណ្ណភាពយន្ត និងផ្តល់ខ្លឹមសាររឿងឈានមុខគេ នៅប្រទេសកម្ពុជា។

ពូព្រហ្ម អ៊ិនធើធេនម៉ិន បានដាក់ខ្លួនជា ក្រុមហ៊ុនចែកចាយជាតិ និងអន្តរជាតិ ដែល​ជំនាញ ខាងភាពយន្តខ្នាតវែង ប្រកបដោយគុណភាព មកពីប្រទេសកម្ពុជា។ តាមរយៈបណ្តាញដៃគូ ចែកចាយ និងផ្សព្វផ្សាយទូលំទូលាយ ពូព្រហ្ម អ៊ិនធើធេនម៉ិន ចាត់ចែងសិទ្ធិដូចជា ចាក់ក្នុងរោងកម្សាន្ត តាមផ្ទះ ទូរទស្សន៍ និងវីឌីអូតាមតម្រូវការ។ ស្នាដៃកន្លងមករបស់ពូព្រហ្ម អ៊ិនធើធេនម៉ិន រួមមានភាពយន្តខ្មែរល្បីៗ និងជោគជ័យមួយចំនួន ដែលមានសក្តានុពល​ក្នុងតំបន់ និងលើឆាកអន្តរជាតិ។

​ចង់ដឹងថា តើខ្មោចស្រីលងបង្អើល​អ្នកភូមិបះសក់ ដល់កម្រិតណា សូមតាមដានទាំងអស់គ្នា ចាប់ពីថ្ងៃទី២៧ តុលានេះតទៅ!៕