(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះថា ពេលនេះ ទំព័រ Facebook អ្នកនាំពាក្យ គ.ជ.ប និង គណនីផ្ទាល់ខ្លួនរបស់លោក ត្រូវបានដណ្តើមពីក្រុម Hacker យកមកគ្រប់គ្រងវិញហើយ។

លោកបានបញ្ជាក់ថា ពេលនេះ លោកកំពុងរៀបចំដើម្បីផ្សព្វផ្សាយព័ត៌មាននានា របស់ គ.ជ.ប ជូនប្រជាពលរដ្ឋកម្ពុជា ហើយលោកក៏បានថ្លែងអំណរគុណដល់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងសហការី ដែលបានជួយដណ្តើមយកទំព័រ Facebook អ្នកនាំពាក្យគ.ជ.ប និងគណនីរបស់លោកត្រឡប់មកវិញ។

ទោះជាយ៉ាងណា លោកជឿជាក់ថា សមត្ថកិច្ចនឹងអាចមានតម្រុយខ្លះៗ ដើម្បីឈានដល់ការស្វែងរកជនអនាមិក ដែលបានលួចយកទំព័រ Facebook អ្នកនាំពាក្យ គ.ជ.ប និងគណនីរបស់លោក ទៅគ្រប់គ្រង។ ចំណែកមូលហេតុនៃការលួចយក Facebook នេះលោកនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

សូមជំរាបថា ទំព័រ Facebook «អ្នកនាំពាក្យ គ.ជ.ប - NEC spokesperson»និងគណនីផ្ទាល់ខ្លួនរបស់ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលត្រូវបានជនអនាមិក Hack យកទៅប្រើប្រាស់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក៕