Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឬស្សីកែវ បន្តយុទ្ធនាការចុះបញ្ជីសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងចែកជូនពលរដ្ឋ១២០គ្រួសារ នៅសង្កាត់ទួលសង្កែទី២

07-10-2017 12:37

(ភ្នំពេញ)៖ លោក ជា ពិសី សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានបន្តយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងធ្វើការចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានចំនួន១២០គ្រួសារ បន្ថែមទៀតហើយ ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងងាយស្រួលគ្រប់គ្រង ពិសេសអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា។

ការបើកយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរនេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ រហូតឈានដល់ធ្វើការចែកជូន ប្រជាពលរដ្ឋដល់លំនៅដ្ឋាន ចំនួន១២០គ្រួសារនេះដែរ បានរៀបចំធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីកូមេល ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយមានការរួមដំណើរពីមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ក្រោយពីបំពេញបែបបទរួចរាល់ជាស្ថាពរ ដើម្បីយកមកធ្វើការចែកជូន។

ក្នុងពិធីចែកសៀវភៅស្នាក់នៅ-សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ចំនួន១២០គ្រួសារ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា លោកនៅតែបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះអាជ្ញាធរសង្កាត់ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ដាច់ខាតត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ឲ្យបានគ្រប់ក្រុមគ្រួសារ ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងគ្រប់គ្រង ហើយអាចទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នាបាន ពិសេស ជាទិសដៅនៅតែបន្តការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យទាល់តែអស់នូវទូទាំង៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ៕