(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យ ដើម្បីមានវិធានការទប់ស្កាត់ ខណៈខេត្តមួយនេះ នឹងបន្តទទួលជំនន់ទឹកភ្លៀងថែមទៀត ដែលហូរមកពីប្រទេសថៃ។

ថ្លែងក្នុងឱកាសចុះពិនិត្យនោះ លោករដ្ឋមន្ត្រី លឹម គានហោ បានណែនាំដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ត្រូវតែបន្តយកចិត្តទុកដាក់តាមដាន និងធ្វើការបង្វែរទឹកឱ្យបានទាន់ពេលវេលា បើទោះបីជាពេលនេះ ជំនន់ទឹកភ្លៀងនៅក្នុងស្រុកម៉ាឡៃ ក៏ដូចជា នៅក្រុងប៉ោយប៉ែត បានស្រកផុតទៅហើយក្តី ប៉ុន្តែភ្លៀងអាចនឹងនៅតែបន្តធ្លាក់។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «ទន្ទឹមនេះសម្រាប់ខេត្តបន្ទាយមានជ័យ ក៏នឹងទទួលរបបទឹកជំនន់បន្ថែមមួយចំនួនទៀត មកពីប្រទេសថៃ ដូចនេះ ក្រុមការងារ ត្រូវតែបើកទ្វារទឹកអាងអូរខៃដន ដើម្បីរំដោះទឹកចេញ ពីក្នុងអាងឱ្យធ្លាក់ទៅកាន់ស្ទឹងសិរីសោភ័ណឱ្យបានឆាប់​។ ដោយឡែក ទឹកដែលធ្លាក់មកពីប្រទេសថៃមួយផ្នែកទៀត គឺតាមរយៈច្រកអូរបីជាន់ ក៏ត្រូវតែយកចិត្តទុកដាក់ តាមដានផងដែរ និងមានវិធានការបង្វែរទឹកឱ្យធ្លាក់ទៅកាន់ស្ទឹងសិរីសោភ័ណឱ្យបានឆាប់រហ័សដូចគ្នា»

ចំពោះមួយផ្នែកទៀត ទឹកដែលធ្លាក់តាមច្រកអូរកំបុតឃុំគោករមៀត ស្រុកថ្មពួក លោករដ្ឋមន្ត្រី ក៏ស្នើឱ្យក្រុមការងារ ទាំងថ្នាក់ក្រសួង និងថ្នាក់ខេត្ត ត្រូវសហការគ្នាបង្វែរទឹកនេះ ឱ្យចូលទៅកាន់អាងត្រពាំងថ្ម។ ការបង្វែរនេះ គឺដើម្បីកាត់បន្ថយស្ថានភាពជំនន់ ដែលធ្លាក់មកពីប្រទេសថៃផង និងយកទៅរក្សាទុកបម្រើឱ្យការងារបង្កបង្កើនផល ជូនបងប្អូនប្រជាកសិករនាពេល ខាងមុខផង៕