ប្រជាពលរដ្ឋខ្មែរជិត៣២ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោលមានជិត៣ពាន់នាក់
07-10-2017 12:22
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៣៦ថ្ងៃ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត ៣២ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៣,០៨៨នាក់ និងអ្នកខុសកែតម្រូវមានចំនួន ២,៨៤៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលានេះ។
គ.ជ.ប បានឲ្យដឹងថា រយៈពេល៣៦ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៣១៧,៨២៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕