(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំដែលជាសមាជិក សមាជិកា សហការី និងមន្ត្រីរាជការពាក់ព័ន្ធ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលចែក រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងបាក់ឌុបជាប់ ឆ្នាំ២០១៧ មានចាប់ពីនិទ្ទេស A .B .C. D. ដល់ និទ្ទេសE លោកគ្រូ អ្នកគ្រូ (សាលា ) មានសិស្សពូកែ ក្រុមកីឡាករ បាល់ទះនារីមធ្យមសិក្សា លោកគ្រូបង្វឹកកីឡាករបាល់ទះនារី មធ្យមសិក្សា កីឡាករប្រដាល់ និងសរុបប្រជាពលរដ្ឋជាមាតា បិតាសិស្សទាំងអស់គ្នាមានចំនួន៣៩៦៤នាក់ ស្ថិតនៅក្នុងបរិវេណសកលវិទ្យាល័យមានជ័យ។

ក្នុងឱកាសនោះ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំង សម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដ៏ទៃផ្សេងទៀត ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជារបស់យើង។

ក្នុងឱកាសនោះដែរ​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានលើកឡើងថា «ដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាព និងស្ថេរភាពនយោបាយល្អ ពិសេសក្រោមគោលនយោបាយឈ្នះ ឈ្នះ​របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ​ ទើបយើងមានឱកាសបានជួបជុំគ្នា និយាយពីសុខទុក្ខ និងការអភិវឌ្ឍរីកចម្រើនបាន។ ដូចនេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាថែរក្សានូវសម្បត្តិ ដ៏មានតំលៃរបស់យើង​នោះ គឺសន្តិភាព​ ព្រោះថា មានសន្តិភាព​ទើបមានការអភិវឌ្ឍ​ មានការអភិវឌ្ឍទើបមានប្រជាធិបតេយ្យ»។

ជាមួយគ្នានេះ​ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ផ្តាំផ្ញើថា «ក្មួយៗ ជាយុវនិស្សិត សិស្សានុសិស្ស នេះហើយគឺជាទំពាំងស្នងឫស្សីជាធនធានបន្តវេណ ដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិ​នាពេលអនាគត​ ។ បច្ចុប្បន្នរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន​ ដែលមានសម្តេចតេជោ ហ៊ុន​ សែន​ ជាប្រមុខដឹកនាំ​បានធ្វើការកែទម្រង់ស៊ីជម្រៅស្ទើរគ្រប់វិស័យ​ ក្នុងនោះវិស័យអប់រំ ជាវិស័យអាទិភាពដែល រាជរដ្ឋាភិបាល ខិតខំកំណែទម្រង់ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ហើយទទួលបានលទ្ធផលល្អ​គួរជាទីមោទនៈ»។

នាយ​ឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន បានអំពាវនាវឲ្យយុវនិស្សិតយើងដែលមានអាយុ១៨ឆ្នាំឡើងរួសរាន់ ប្រញាប់ទៅចុះបោះឆ្នោតកុំបីអាក់ខាន ​និងសូមអញ្ជើញទាំងអស់គ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអនុវត្ត គោលនយោបាយអភិវឌ្ឍន៍ ភូមិ ឃុំ -សង្កាត់យើងជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។

មុនបញ្ចប់កម្មវិធី នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន បានជួយឧបត្ថម្ភនូវអំណោយលើកទឹកចិត្តមាន ដូចខាងក្រោម៖
១៖ សិស្សនិទ្ទេសA ចំនួន១២នាក់ ក្នុងម្នាក់ទទួល បានម៉ូតូ១២៥ មួយគ្រឿង និងទូរសព្ទ័ដៃ Iphone7 plus មួយគ្រឿង(សរុប ម៉ូតូ១២គ្រឿងនិងទូរសព្ទ័១២គ្រឿង)
២៖ សិស្សនិទ្ទេសB ចំនួន៩៨នាក់ ក្នុងម្នាក់ ទទួល បានថវិកា១០ម៉ឺនរៀល
៣៖ សិស្សនិទ្ទេសC ចំនួន១៧២នាក់ក្នុងម្នាក់ ទទួល បានថវិកា១០ម៉ឺនរៀល
៤៖ សិស្សនិទ្ទេសD ចំនួន២៨៣នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល
៥៖ សិស្សនិទ្ទេសE ចំនួន១.២៦៥នាក់ ក្នុងម្នាក់ ទទួលបានថវិកា៥ម៉ឺនរៀល
៦៖ វិទ្យាល័យដែលមានសិស្សនិទ្ទេស A មានចំនួន៧សាលា ក្នុង១សាលាទទួលបានថវិកា១.០០០.០០០រៀល
៧៖ សិស្សពូកែ៧នាក់ ដែលប្រឡងជាប់នៅភ្នំពេញ ក្នុងម្នាក់ៗទទួលបាន ថវិកា៥០ម៉ឺនរៀល
៨៖ លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉ន ចំនួន២១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០ម៉ឺនរៀល
៩៖ គ្រូបង្វឹកក្រុមកីឡាករ បាល់ទះនារី មធ្យមសិក្សា ចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល
១០៖ ក្រុមកីឡាករបាល់ទះនារី មធ្យមសិក្សាចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣០ម៉ឺនរៀល
១១៖ កីឡាករប្រដាល់ចំនួន៣នាក់ ក្នុងម្នាក់ៗបានថវិកា៥០ម៉ឺនរៀល
១២៖ ឧបត្ថម្ភនាយកសាលា៥០៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល
១៣៖ ឧបត្ថម្ភ សមាជិកសមាជិកាចូលរួមក្នុងកម្មវិធីចំនួន១៥៤៩នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា២ម៉ឺនរៀល
១៤៖ សមាជិក សមាជិកាទាំង៣៩៦៤នាក់ ទទួលបានសារ៉ុងម្នាក់១ផងដែរ៕