(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅបង្ក្រាបល្បែងអ៊ីនធឺណេតតាមអនឡាញ និងការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត នៅគោលដៅ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលជាលទ្ធផលឃាត់ខ្លួនជនជាតិចិនចំនួន៨៤នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន៧នាក់។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះ កម្លាំងរបស់លោក បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះត្រួតពិនិត្យ និងឆែកឆេរករណីគំរាមទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត និងអនឡាញ នៅគោលដៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានចំនួន០៩ទីតាំង។

លោកឧត្តមសេនីយ៍បានបន្តទៀតថា «កម្លាំងប្រតិបត្តិការ បានត្រួតពិនិត្យ និងឆែកឆេររកឃើញមានជនបរទេសចំនួន៩៣នាក់ ស្រី១៧ នាក់ មាន០២សញ្ជាតិក្នុងនោះ ជនជាតិឥណ្ឌូនេស៊ីចំនួន០៧នាក់ ស្រីម្នាក់ និងជនជាតិចិនចំនួន៨៤នាក់ មានស្រី១៦នាក់»

បើតាមលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា សម្ភារជាវត្ថុតាងដែលបានដកហូតរួមមាន៖
-កុំព្យូទ័រយួរដៃចំនួន១៣២គ្រឿង
-កុំព្យូទ័រលើតុចំនួន៣៤គ្រឿង
-ទូរស័ព្ទដៃចំនួន២០៩គ្រឿង
-ដុំវ៉ាយហ្វាយចំនួន១៤គ្រឿង
-សម្ភារបណ្តាញណែតវឺកមួយចំនួនទៀត។

សម្រាប់ការអនុវត្តបន្តទៀតថា ក្រុមប្រតិប្តិការចម្រុះ បានសម្រេចបញ្ជូនជនបរទេសចំនួន៩៣នាក់ ស្រី១៧នាក់ និងដកហូតសម្ភារខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕