(ភ្នំពេញ)៖ ពលរដ្ឋខ្មែររស់នៅខេត្ត British Columbia និងខេត្ត Alberta ប្រទេសកាណាដា បន្ដរ៉ៃអង្គាសថវិកាបាន៤,៥០០ដុល្លារ ដើម្បីបន្ដឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមការងាររៀបចំការអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តទាំងនោះ បាននាំយកថវិកាដែលបានមកពីការរៃអង្គាសប្រគល់ជូនថ្នាក់ដឹកនាំមន្ទីរពេទ្យ។

ថវិកាទាំងនេះ ត្រូវបាននាំយកទៅប្រគល់ជូនមន្ទីរពេទ្យ ដោយ លោក ទុយ រី ឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងប្រចាំប្រទេសកាណាដា តំណាងក្រុមការងារយុវជន បានប្រគល់ជូន លោកវេជ្ជបណ្ឌិត Denis Laurent ប្រធានមូលនិធីមន្ទីរពេទ្យគន្ធបុប្ផា និងលោកវេជ្ជបណ្ឌិត ហេង សុធី តំណាងមន្ទីរពេទ្យគន្ធបុប្ផា។

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ដឹកនាំដោយលោក ហ៊ុន ម៉ាណែត គឺជាអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស និងមានលោក រិន វីរៈ ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា។

ថវិកាទាំង៤,៥០០ដុល្លារនេះ រៃអង្គាសក្នុងដំណើរទស្សនកិច្ចរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្ត British Columbia និងខេត្ត Alberta នៅថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ដែលដឹកនាំដោយលោក ផាន អូន ប្រធានក្រុមការងារ៕